(អារ៉ាប៊ីសាអូឌីត)៖ តបតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលធ្វើឡើងនៅរាជធានីរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោក កៅ គឹមហួន បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន ជាពិសេសការវិវត្តចុងក្រោយនៅក្នុងតំបន់ និងពិភពលោក។

លោក កៅ គឹមហួន បានបន្តថា កិច្ចប្រជុំក៏បានពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ សម្រាប់ឆ្នាំ២០២៤ដល់២០២៨ ព្រមទាំងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលផងដែរ៕