(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ»

សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្នុងសិក្ខាសាលានោះ ក៏មានការចូលរួមពី លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, តំណាងរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិ-ការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ ពីសំណាក់លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោ មឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), មន្ទីរ សហវ. រាជធានី ខេត្ត, ព្រមទាំង អង្គភាព និងមន្ទីជំនាញជុំវិញរាជធានី ខេត្ដ សរុបចំនួនប្រមាណ ១២០០រូប។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកការកែទម្រង់អភិបាលកិច្ចជាស្នូល នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដែលក្នុងនោះរួមមានកម្មវិធីកែទម្រង់អាទិភាពនានា មានជាអាទិ៍៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលកម្មវិធីកែទម្រង់ទាំងនេះ ត្រូវមានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាយ៉ាងស្អិតរមួតក្នុងជំហាន សមកាលកម្ម។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ចំណូល-ចំណាយថវិកាជាតិ កាន់តែមានភាពប្រសើរឡើង ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពឆ្លើយតបបានទៅនឹងវិបត្តិនានាប្រកប ដោយ ប្រសិទ្ធភាព ជាក់ស្តែងការទប់ទល់ទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩ និង ជាពិសេសមានលទ្ធភាពបង្កើនធនធានកាន់ តែច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកែលម្អការផ្តល់ និងបង្ខិតសេវា សាធារណៈ ឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។

ស្របតាមទិសដៅនេះ តាមការស្នើរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, សម្តេចមហាបវរធិបតី  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ អនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរ មុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព និងសម្រួលដល់ការចែករំលែកធនធានចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់-ក្រោមជាតិ។

សិក្ខាសាលាពេញមួយថ្ងៃនេះ បានផ្តល់ជាធាតុចូល និងមូលដ្ឋានគ្រប់ជ្រុងជ្រោយ ដល់តួអង្គពាក់ព័ន្ធ រួមចំណែកតាមតួនាទីភារកិច្ច ក្នុងការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងបរិបទនៃភាពប្រទាក់ក្រឡាគ្នារវាងការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជូនប្រជាពលរដ្ឋ៕