(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ មុនហោះចាកចេញពីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែល្អប្រសើរ។

ក្នុងជំនួបនេះ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលជម្រាបសម្តេចធិបតី អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះជោគជ័យរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» ជាលើកដំបូងនេះ និងបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដូចដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ជាដើម ។

ឆ្លងតាមកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត ដែលជាផលប្រយោជន៍រួម ៕