(ស្វាយរៀង)៖ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ការរៀប​ចំវេ​ទិកា​ផ្គូរ​ផ្គង​រវាង​អ្នក​ផលិត និងអ្នកទិញនេះ គឺមានសារៈសំខាន់ណាស់ ដែលមានភាពប្រទាក់ក្រឡាគ្នា តាំងពីកសិដ្ឋានរហូតដល់តុបាយតាំងពីកន្លែងអ្នកផលិត រហូតដល់អ្នកប្រើប្រាស់។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត សួង ណយ បានធ្វើឡើងក្នុងឱកាសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិមួយផលិតផលមួយ)» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នៅសាប្រជុំសាលាខេត្តស្វាយរៀង។

វេទិកានេះមានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកបណ្ឌិត សួង ណយ បានបន្តថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញមកជួបគ្នាតាំងពីលក្ខណៈគ្រួសារ មីក្រូ តូចនិងមធ្យមដើម្បីឱ្យពួកគាត់មកជួបគ្នារវាងអ្នកផលិតនិងអ្នកទិញ ដោយរយះកាលកន្លងមក អ្នកផលិតថា អត់មានទីផ្សារដល់ពេលអ្នកទិញវិញថា អត់ដឹងទៅទិញផលិតផលនៅឯណា អញ្ចឹងហើយថ្ងៃនេះ គឺជាថ្ងៃវេទិកាផ្គូផ្គងជួបគ្នាដើម្បីរកដំណោះស្រាយ ចំពោះអ្នកទិញត្រូវការអី ហើយអ្នកផលិតមានអីដែរដើម្បីឱ្យគេទិញ។

លោកបណ្ឌិត សួង ណយ បានបញ្ជាក់ថា ដើម្បីឱ្យវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញទទួលបានលទ្ធផលល្អ គឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុច្ចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និង​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ផង​ដែរ​ពី​ក្រសួង អង្គភាពមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន  ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏​ដូច​ជា​ពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់នេះជា​គោលការណ៍​គ្រឹះ សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយ​ការ​នាំចូល​ទំនិញ​ប្រើ​ប្រាស់មួយចំនួនមកពីប្រទេសជិតខាងផងដែរ។

បន្ថែមលើសពីនេះ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា តាមរយៈវេទិកានេះ គឺបានជួយបង្កឱកាសឱ្យអ្នកផលិត និងអ្នកទិញបានស្គាល់គ្នាហើយបានទំនាក់ទំនងគ្នា ដើម្បីទិញផលិតផលគាំទ្រឱ្យគ្នាទៅវិញទៅមក នេះជាសារៈប្រយោជន៍ដ៏សំខាន់។ មួយវិញទៀតក៏ដើម្បីបណ្ដុះគំនិតប្រជាពលរដ្ឋឱ្យគាំទ្រប្រើប្រាស់ ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកជួយបង្កើនសេដ្ឋកិច្ច បង្កើតមុខរបរនៅមូលដ្ឋានផ្ទាល់នេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជេីញចូលរួមទស្សនា​ និងទិញផលិតផលខ្មែរដែលផលិតដោយអ្នកខេត្តស្វាយរៀង​ ក្នុងឱកាសនៃការរៀបចំតាំងលក់នៅសាលប្រជុំសាលាខេត្ត ដែលជាវេទិការផ្គូផ្គងរវាងផលិត​ និងអ្នកទិញក្នុងក្របខ័ណ្ឌការងារជំរុញចលនា​ភូមិមួយផលិតផលមួយខេត្តស្វាយរៀងផងដែរ៕