(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Benoît Guidée ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំងដែលមានជាយូរលង់មកហើយ។

លោលឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយគាំទ្រកម្ពុជា តាមរយៈការផ្តល់ជំនួយផ្សេងៗលើពហុវិស័យ ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស ទឹកស្អាត និងវិស័យវប្បធម៌ជាដើម។

ភាគីបារាំងបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២។

លោក Benoît Guidée ជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនេះនឹងបន្តរក្សាក្នុងកម្រិតជិតស្និទ្ធដូចគ្នានេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរ លោកបានកោតសរសើរកម្ពុជាដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងកោតសរសើរចំពោះការបង្ហាញជំហរឯករាជ្យក្នុងគោលនយោបាយ របស់កម្ពុជាទៅលើបញ្ហាអន្តរជាតិ ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

ជំនួបនេះបានបញ្ចប់ទៅក្រោមបរិយាសដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា៕