(កំពត)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានរំលឹកនិងដាស់តឿន ដល់គ្រូពេទ្យទាំងអស់ ត្រូវមានទាំងសមត្ថភាពជំនាញមាំទាំ តាមទាន់សម័យកាល ព្រមជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ហើយគ្រូពេទ្យត្រូវមើលឃើញប្រយោជន៍របស់អ្នកជំងឺ មុនប្រយោជន៍របស់ខ្លួន និងផ្តល់សេវាវេជ្ជសាស្ត្រប្រកបដោយឥស្សរភាព មិនស្ថិតក្រោមអំណាចរបស់លុយ ឬឥទ្ធិពលអ្វីទាំងអស់។

ការរំលឹកបែបនេះ របស់លោកសាស្ត្រចារ្យ ធា គ្រុយ បានធ្វើឡើងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៣ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែប នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្តកំពត។

ទន្ទឹមនេះ លោកសាស្ត្រាចារ្យ  ធា គ្រុយ បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាព។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែប បានលើកឡើងថា ការអនុវត្តន៍ សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែប មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាជនខេត្តកំពត-កែប ក៏ដូចជាប្រជាជនទូទាំងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ បានបញ្ជាក់ថា ក្នុងអាណត្តិគិតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គឺសមាជិក សមាជិកាបានចុះបញ្ជិកាសុំអាជ្ញាបណ្ណ ដើមគ្រាសរុបចំនួន ២៨០រូប ក្នុងនោះចុះបញ្ជិកាសុំអាជ្ញាបណ្ណថ្មី ចំនួន ២រូប, បន្តអាជ្ញាបណ្ណចំនួន ៨រូប, ផ្ទេរចូល ៤រូប និងផ្ទេរចេញ ៣រូប។ សមាជិក សមាជិកា បានចុះបញ្ជិកា សុំអាជ្ញាបណ្ណ ចុងគ្រា សរុបចំនួន ២៩១ រូប ក្នុងនោះ ប្រុស ២២៤រូប ស្រី៦៧រូប, ជនជាតិខ្មែរ ២៨៧រូប (វេជ្ជបណ្ឌិតភេទប្រុស មាន២រូបស្លាប់), ជនជាតិបរទេស ៤រូប។ គ្រូពេទ្យជនជាតិខ្មែរ ២៨៧រូប ក្នុងនោះប្រុស ២២៣ និងស្រី ៦៤រូប។

ចំពោះការបែងចែកតាមបច្ចេកទេស រួមមាន គ្រូពេទ្យមធ្យម ៤០រូប, វេជ្ជបណ្ឌិត ២៤១រូប និងវេជ្ជបណ្ឌិតឯកទេស ៦រូប។ ការបែងចែកតាមស្ថាប័ន រួមមាន អង្គការ និងមន្ទីរពេទ្យសុន្យាឃាល ៣៦រូប, រដ្ឋសុទ្ធ ២៤រូប, រដ្ឋនិងឯកជន ២២៧រូប។ ដោយឡែកការបែងចែកតាមសុពលភាព ឆ្នាំ២០២២  មាន៦រូប ដែលហួសសុពលភាព ឆ្នាំ២០២៤ ត្រូវមកបន្តអាជ្ញាប័ណ្ណ, ឆ្នាំ២០២៣  មាន១៨៤រូប, ឆ្នាំ២០២៤ មាន ៥៧រូប និងឆ្នាំ២០២៥ មាន៤០រូប។ គ្រូពេទ្យជនជាតិបរទេស ៤រូប ក្នុងនោះប្រុស១រូប និងស្រី ៣រូប សុទ្ធសឹងជាវេជ្ជបណ្ឌិត៕