(ព្រះវិហារ)៖ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១១គីឡូម៉ែត្រ ភ្ជាប់ពីភូមិតាសែងកណ្តាល ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទៅព្រំប្រទល់ខេត្តកំពង់ធំ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបាល័ង្គ ដែលរងការខូចខាតដោយទឹកភ្លៀងធ្លាក់ជោកជាំ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បើកការដ្ឋានជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
លោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមការងារជួសជុល ថែទាំផ្លូវ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវក្រាលក្រួសក្រហមមួយខ្សែ ចាប់ពីភូមិតាសែងកណ្តាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ដល់ឃុំសាគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ បន្ទាប់ពីផ្លូវនេះបានរងការខូចខាត ដោយទឹកភ្លៀងនារដូវវស្សាធ្លាក់ជោគជាំនាពេលកន្លងមក។
ប្រធានមន្ទីររូបនេះ បានបន្តថា ការជួសជុលថែទាំកំណាត់ផ្លូវក្រាលក្រួសក្រហមឡើងវិញនាពេលនេះ គឺក្រុមការងារបានធ្វើការថែមដីល្បាយថ្ម ដោយកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៅកាន់ទៅផ្សារមានភាពងាយស្រួលរហ័សទាន់ចិត្ត និងចំណេញពេលវេលា។
លោក ម៉ប់ ធិរិត បានថ្លែងថា ក្រោមការណែនាំពីលោក ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានយកចិត្តទុកដាក់ជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរធ្វើយ៉ាងណាមិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយលោកក៏បានថ្លែងនូវការសុំអភ័យទោសពីប្រជាពលរដ្ឋ ដែលផ្លូវខ្លះក្រុមការងារមិនទាន់បានជួសជុល ថែទាំដល់។
ជាមួយគ្នានេះ ប្រធានមន្ទីរក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង សូមបញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសទម្ងន់កំណត់ កុំយកដីចំណីផ្លូវធ្វើអាជីវកម្ម និងកុំចាក់ដីខ្ពស់ជាងផ្លូវ៕