(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development - SFD) បានបង្ហាញការគាំទ្រចំពោះការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។
ជំហរនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Sultan Abdulrahman Al-Marshad នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិមូលនិធិ បានសម្តែងការអបអរសាទជូនសម្តេចធិបតី ទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧។ លោក ក៏បានជម្រាបសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីបំណងផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈមូលនិធិនេះ តែងបានចូលរួមគាំទ្រដល់ការជំរុញឱ្យមានកំណើនប្រកបដោយចីរភាពដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេសក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល និងគមនាគមន៍ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរគុណចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើងផងដែរ អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងវិស័យវិនិយោគ, ទេសចរណ៍ និងថាមពលកកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម។
សម្តេចធិបតី និងលោកនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បានគាំទ្រចំពោះ គម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
ក្នុងជំនួបនោះ សម្តេចធិបតី បានអញ្ជើញថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តពិភាក្សាអំពីកិច្ចការនេះ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕