(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី អនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សិក្សាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយលោក យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, តំណាងរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិ-ការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ ពីសំណាក់លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), មន្ទីរ សហវ. រាជធានី ខេត្ត, ព្រមទាំង អង្គភាព និងមន្ទីជំនាញជុំវិញរាជធានី ខេត្ដ សរុបចំនួនប្រមាណ ១២០០ រូប។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងចាត់ទុកការកែទម្រង់អភិបាលកិច្ចជាស្នូល នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីគាំទ្រ និងជំរុញការភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដែលក្នុងនោះរួមមានកម្មវិធីកែទម្រង់អាទិភាពនានា មានជាអាទិ៍៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលកម្មវិធីកែទម្រង់ទាំងនេះ ត្រូវមានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាយ៉ាងស្អិតរមួតក្នុងជំហាន សមកាលកម្ម។

ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ចំណូល-ចំណាយថវិកាជាតិកាន់តែមានភាពប្រសើរឡើង ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពឆ្លើយតបបានទៅនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងការទប់ទល់ទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ និង ជាពិសេសមានលទ្ធភាពបង្កើនធនធានកាន់តែច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកែលម្អការផ្តល់ និងបង្ខិតសេវាសាធារណៈ ឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។

ស្របតាមទិសដៅនេះតាមការស្នើរបស់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរ មុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព និងសម្រួលដល់ការចែករំលែកធនធានចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់-ក្រោមជាតិ។

សិក្ខាសាលាពេញមួយថ្ងៃនេះ បានផ្តល់ជាធាតុចូល និងមូលដ្ឋានគ្រប់ជ្រុងជ្រោយ ដល់តួអង្គពាក់ព័ន្ធ រួមចំណែកតាមតួនាទីភារកិច្ច ក្នុងការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងបរិបទនៃភាពប្រទាក់ក្រឡាគ្នារវាងការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជូនប្រជាពលរដ្ឋ៕