(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីវឌ្ឍនភាពនៃការរៀបចំពិធីបុណ្យអ៊ុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រធានអនុគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ អភិបាលក្រុង ស្រុក ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ B2 សាលាខេត្តបាត់ដំបង។

លោក សុខ លូ ក៏បានណែនាំដល់ក្រុមការងារទទួលផែនត្រូវមើលបន្ថែមទៅលើការតុបតែងលម្អលើដងវិថី ដើមឈើ សួនច្បារ និងស្ពានជាដើម ព្រមទាំងត្រៀម និងបែងចែកកម្លាំងទៅតាមទីតាំងដែលកំណត់នឹងត្រូវធ្វើយ៉ាងណា ត្រូវមានច្រកសម្រាប់សង្គ្រោះបន្ទាន់សម្រាប់ក្នុងករណីមានអគ្គិភ័យ ឬមួយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

លោកអភិបាលខេត្ត បានបន្តថា ចំពោះការកំណត់ទីតាំងវិញ គឺត្រូវបានបែងចែកជាពីរផ្នែកមានផ្នែកខាងលើផ្ទៃទឹក និងផ្នែកនៅលើគោក ដើម្បីងាយស្រួលក្នុងការឱ្យប្រជាពលរដ្ឋ អាចទស្សនាកម្សាន្តក្នុងការប្រកួតប្រណាំងទូកង និងមើលពិរព័ណ៌ផលិតផលនៅក្នុងស្រុកផងដែរ។

នាឱកាសនោះដែរ លោក សុខ លូ បានបន្ថែមថា ចំពោះបញ្ហាទឹកនៅក្នុងដងស្ទឹងសង្កែ ត្រូវធ្វើយ៉ាងណារក្សាឱ្យថេរ ដើម្បីឱ្យការប្រណាំងទូកង មានសភាពសមមូលទៅនឹងអ្នកទស្សនាហើយមួយទៀតត្រូវដាក់ពេលវេលាក្នុងការប្រកួតប្រណាំងទូកឱ្យបានច្បាស់តាមការកំណត់ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការមកទស្សនាផងដែរ។

លើសពីនេះទៅទៀត លោកអភិបាលខេត្ត បានលើកឡើងថា កងកម្លាំងមានសមត្ថកិច្ចត្រូវរឹតបន្តឹងរឿងការងារការពារសណ្ដាប់ធ្នាប់សាធារណឱ្យមានសន្តិសុខល្អ ព្រោះថានៅពេលដែលមានសាធារណជនច្រើននោះ ក៏អាចធ្វើឱ្យមានការបង្កនូវអំពើអសន្ដិសុខមួយចំនួន ដូចជាអំពើលួច អំពើហិង្សាការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនជាដើម។

លោក សុខ លូ បានបន្ថែមថា ចំពោះការផ្ញើរកង់ ម៉ូតូ និងរថយន្តគឺត្រូវមានការកំណត់តម្លៃឱ្យជាក់លាក់ហើយសមរម្យមួយ ដែលប្រជាពលរដ្ឋអាចទទួលយកបាន មិនមានការកេងប្រវ័ញ្ច ឬមួយឆក់ឱកាសឡើងថ្លៃការផ្ញើនោះទេ ព្រោះបញ្ហានេះក៏ជាផ្នែកមួយធ្វើឱ្យកំណើននៃភ្ញៀវទេសចរអំឡុងពេលមានពិធីបុណ្យផ្សេងៗថយចុះបានផងដែរ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តតាមមន្ទីរ អង្គភាព និងនៅតាមស្រុកនីមួយៗគួរតែមានទូកង របស់ខ្លួនឯងផ្ទាល់មួយដើម្បីប្រកួតប្រណាំងនៅពេលមានពិធីបុណ្យអ៊ុំទូក ឬមួយក៏ពិធីបុណ្យផ្សេងៗ ដើម្បីរក្សានូវប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងផង និងដើម្បីយកស្នាដៃសម្រាប់មន្ទីរ អង្គភាព ឬមួយស្រុករបស់ខ្លួនផងដែរ។

លោក សុខ លូ បានអំពាវដល់នាវប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញមកទស្សនាកម្សាន្តក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងនេះ ឱ្យបានច្រើនកុះករ។ ទន្ទឹមនឹងនោះសូមសារធារណជនគ្រប់ស្រទាប់វណ្ណៈក្នុងការជួយសម្អាតបរិស្ថាន និងគ្រប់គ្រងសំរាមទាំងមុន អំឡុងពេល និងក្រោយពេលពិធីបុណ្យអុំទូកនេះចប់ទៅ ដើម្បីសោភ័ណភាព និងផាសុកភាព សម្រាប់ខេត្តក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តបាត់ដំបងផងដែរ៕