(ភ្នំពេញ)៖ បុរសជនជាតិចិនឈ្មោះ LEE, TSANG-JUI មានអាយុ២៨ឆ្នាំ និងឈ្មោះ LIN TZU-YI បានធ្វើលិខិតស្នើទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសាលាឧទ្ធរណ៍ ជួយពិនិត្យសំណុំរឿងរបស់ខ្លួន ហើយអនុញ្ញាតឱ្យនៅក្រៅឃុំវិញ ក្រោយរងការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម ខណៈបទចោទនេះគឺខ្លួនមិនបានប្រព្រឹត្តនោះឡើយ។

តាមរយៈលិខិតពាក្យស្នើសុំអន្តរាគមន៍ បុរសជនជាតិចិនរូបនេះ បានបញ្ជាក់ថា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មកលើខ្លួនទាំងដែរមិនធ្វើការថ្លឹងថ្លែង ស្រាវជ្រាវ និងពិចារណាស្វែងរកអង្គហេតុ ពិតប្រាកដ ភស្តុតាង សាក្សី គឺធ្វើការសម្រេចតែតាមការអះអាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដែលនេះសបញ្ជាក់ឱ្យឃើញថា ព្រះរាជអាជ្ញារងទទួលបន្ទុកសំណុំរឿងនេះ មានចេតនាលម្អៀងទៅភាគីដើមបណ្តឹង និងមានភាពមិនប្រក្រតីចំពោះការសម្រេចនេះ។

ជាមួយគ្នានេះ បុរសជនជាតិរូបនេះ បានឱ្យដឹងថា ចំពោះការសម្រេចសេចក្ដីរបស់ចៅក្រមស៊ើបសួរកន្លងមក លោកបានដាក់បញ្ចូលភស្តុតាង និងសាក្សីគ្រប់គ្រាន់ដើម្បីឱ្យតុលាការពិចារណា ដូច្នេះសបញ្ជាក់ឱ្យថា ចៅក្រមស៊ើបសួរអនុវត្តទៅតាមនីតិវិធីច្បាប់ គឺស៊ើបសួរទាំងដោះបន្ទុក និងដាក់បន្ទុក ហើយពិចារណាស្រាវជ្រាវវិនិច្ឆ័យទៅតាមភស្តុតាង ដែលភាគីទាំងសងខាងដាក់ជូនទើបធ្វើការសម្រេចទៅលើរឿងនេះ។ ដូច្នេះហើយផ្អែកតាមការបកស្រាយខាងលើនេះ ដើមបណ្តឹងរដ្ឋប្បវេណីមិនមានភស្តុតាងច្បាល់លាស់ណាមួយ គឺអាស្រ័យតែតាមការអះអាងរបស់ខ្លួនប៉ុណ្ណោះ ហេតុនេះមិនមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ដើម្បីជាមូលដ្ឋានចោទប្រកាន់មកលើខ្លួនឡើយ។ មួយវិញទៀត រាល់ភស្តុតាងដែលដាក់ដោយដើមបណ្តឹងរដ្ឋប្បវេណី គឺស្ថិតនៅក្នុងវិមតិសង្ស័យ។

សូមបញ្ជាក់ថា លោក LEE, TSANG-JUI បានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ហើយមកស្នាក់នៅជាមួយបងប្រុសឈ្មោះ វ៉ាង វៃលី អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ប្រកបមុខរបរជាភ្នាក់ងារអចលនទ្រព្យ និងមុនពេលឃាត់ខ្លួនគឺស្នាក់នៅខុនដូព្រីនស៍ ជាន់ទី១៩ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនគរបាលបានឃាត់ខ្លួនបុរសជនជាតិចិនរូបនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយផ្អែកតាមបណ្តឹងរបស់ឈ្មោះ CHEN CHIEN PENG ដោយប្តឹងលោក និងមនុស្សមួយចំនួនទៀតរួមមានឈ្មោះ SU JIA HONG, LIN TSUNG-WEI, SU JIA WEI, LIN ZIYI, CHEN YIXUAN ពីបទ «ប៉ុនប៉ងឃាតកម្ម និងហិង្សាមាន ស្ថានទម្ងន់ទោស» នៅចំណុចក្នុងហាងម៉ាស្សាយីហោ ស៊ីណេស្ប៉ា ជាន់ទី២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រឈានចូល ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ២និង៣០នាទី។

នៅក្នុងលិខិតអន្តរាគមន៍ លោក LEE, TSANG-JUI បានបញ្ជាក់ថា ចំពោះការចោទប្រកាន់លើលោកបានប្រព្រឹត្តបទល្មើស ប៉ុនប៉ងឃាតកម្ម និងហិង្សាលើឈ្មោះ CHEN CHIEN PENG នោះលោកមានសាក្សីឈ្មោះ LYU TIEZU ភេទប្រុស ជាបុគ្គលិកហាងម៉ាស្សាយីហោ ស៊ីណេស្យា តួនាទីជាអ្នកគ្រប់គ្រងហាង។

សាក្សីរូបនេះបានប្រាប់តុលាការថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៖៣០នាទីទាបភ្លឺ លោកពុំបានឃើញឈ្មោះ LEE TSANG-JUI មកកន្លែងម៉ាស្សាខាងលើនេះទេ។ ចំពោះឈ្មោះ LEE TSANG-JUI ជាភ្ញៀវប្រចាំ និងជាភ្ញៀវ VIP ប្រចាំហាងទើបស្គាល់ពួកគាត់ច្បាស់។

ចំណែកសាក្សីឈ្មោះ PAN, SHEN-YU ដែលជាមិត្តភក្តិស្រីរបស់លោក ក៏បានចូលឆ្លើយនៅចំពោះចៅក្រមស៊ើបសួរ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នាងបានមកបន្ទប់ខុនដូរជាន់ទី២១ មានទីតាំងនៅខុនដូព្រីនស៍ និងបានពិភាក្សាការងារគ្នាជាមួយឈ្មោះ LEE TSANG-JUI ដោយនាងនៅជាមួយលោក LEE, TSANG-JUI ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដល់ម៉ោង ៣:០០ទាបភ្លឺ ទើបបែកផ្លូវគ្នា ដូច្នេះលោកពិតជាមិននៅទីតាំងកើតហេតុ និងចូលរួមប្រព្រឹត្តបទល្មើសតាមការចោទប្រកាន់របស់ CHEN CHIEN PENG និងតំណាងអយ្យការនោះឡើយ។

លោក LEE, TSANG-JUI បានលើកឡើងថា លោកបានចាកចេញពីស្រុកកំណើត ប្រមាណ៣ឆ្នាំហើយ ដើម្បីមកធ្វើការងារនៅប្រទេសកម្ពុជា។ លោកមករស់នៅប្រទេសកម្ពុជា គឺជាប្រទេសមិត្តចិន ដែលមានសន្តិភាព ពេញលេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋានមន្ត្រី នៃព្រះរាជាណាចកកម្ពុជា និងក្រោមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «អរគុណសន្តិភាព»

លោកបញ្ជាក់ថា «ការរស់នៅប្រទេសកម្ពុជា គឺខ្ញុំជឿជាក់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាព និងការដឹកនាំដ៏ឈ្លូសវ ប៉ុន្តែខ្ញុំពិតជាទទួលរងនូវអយុត្តិធម៌ខ្លាំងណាស់ ដែលត្រូវបានតុលាការធ្វើការ ចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន ទាំងដែលខ្ញុំមិនបានប្រព្រឹត្តបទល្មើស និងមិនទាំងស្គាល់ជនបង្ក រួមទាំងជនរងគ្រោះថែមទៀតផងនោះ។ ហេតុនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ខ្ញុំបាទ ជាជនរងគ្រោះម្នាក់ដែលទទួលរងនូវការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរដែរខ្ញុំមិនអាចទទួលយកបាន និងរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ទាំងដែរខ្លួនខ្ញុំបាទមិនបានប្រព្រឹត្តអំពើនេះឡើយ»