(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការសួរដេញដោលពេញមួយព្រឹកថ្ងៃទី១៥ ខែសីហា សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលបន្តសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ទៅព្រឹកថ្ងៃទី២៦ ខែសីហា ជាបន្តទៀត នេះបើយោងតាមមន្ត្រីតុលាការថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។ តុលាការបានសាកសួរអង្គរក្សលោក ថោង សារ៉ាត់ ម្នាក់គឺ ឈ្មោះ មាស សម្បត្តិ។
ឈ្មោះ មាស សម្បត្តិ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង ៧៖១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៉ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
តុលាការបានចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ចំណែកក្រុមអង្គរក្សបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
យោងតាមមាត្រា២០០ និង២៩ នៃក្រមព្រហ្មទណ្ឌឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់មែន៕