(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានស្នើសុំតំណាងរាស្រ្តមណ្ឌល ខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្តផងដែរ ឲ្យជួយសាងសង់ផ្លូវ ស្ពាន និងតភ្ជាប់បណ្តាញអគ្គិសនីទៅក្នុងភូមិឋានរបស់ពួកគេ។
សំណើទាំងនេះ បានធ្វើឡើងក្នុងកិច្ចវេទិកាសាធារណៈមួយ ដែលមានការចូលរួមពីលោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោក វ៉ាន់ វុធ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ជាមួយប្រជាពលរដ្ឋក្នុងឃុំកោះស្រឡាយ នៅថ្ងៃអាទិត្យ ម្សិលមិញនេះ។
លោក ឡូយ សុផាត បានថ្លែងថា វេទិកាសាធារណៈដែលបានរៀបចំឡើងនោះ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន និងដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ឆ្លើយតបនឹងសំណូមពរ និងសំណើជួយអន្ដរាគមន៍របស់ប្រជាពលរដ្ឋក្នុងវេទិកានោះ ថ្នាក់ដឹកនាំខេត្ត បានដោះស្រាយនៅនឹងកន្លែងមួយចំនួន ហើយបញ្ហានៅសេសសល់ត្រូវបានយកមកពិនិត្យ និងសិក្សាបន្ថែម ដើម្បីឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋ។
ក្រោយទទួលបានការដោះស្រាយប្រជាពលរដ្ឋនៅឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានសម្តែងក្តីសប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដោះស្រាយពីកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋានផ្ទាល់តែម្តង តាមរយៈអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត៕