(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល។

ពិធីនេះប្រព្រឹត្តទៅដោយរួមបញ្ចូលគ្នានៃវិទ្យាល័យទាំង២ ក្នុងស្រុកខ្សាច់កណ្តាល និងដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ និងក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុក-ឃុំ សរុបប្រមាណ ៧៥០នាក់។

បណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ និងបានអះអាងថា លោកអគ្គបណ្ឌិតសភាចារ្យ តែងឧបត្ថម្ភគាំទ្រជារៀងរាល់ឆ្នាំ ចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស នៅវិទ្យាល័យទាំង២ក្នុងស្រុកខ្សាច់កណ្តាល ដោយមានការបង្រៀនបំប៉នបន្ថែមម៉ោង និងបង្កើតឱ្យមានក្លឹបសិក្សា។

លោកបណ្ឌិត កៅ ថាច ក៏បានជម្រាបជូនលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្លាំង ប្រកបដោយឆន្ទៈមុតស្រួច បន្តធ្វើកំណែទម្រង់លើវិស័យអប់រំជាតិ ក្នុងគោលដៅលើកកម្ពស់ការអប់រំ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ពិសេសលើការបណ្តុះបណ្តាល ផ្នែកធនធានមនុស្សនេះ ដោយគិតគូរចាប់ពីបឋមសិក្សាឡើងទៅ ដោយរួមបញ្ចូលទាំងផ្នែកសីលធម៌ និងសុជីវធម៌ ហើយសូម្បីតែការប្រឡងចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋ ក៏ត្រូវធ្វើការប្រឡងចូលដែរ ដើម្បីចម្រាញ់ជ្រើសយកអ្នកមានសមត្ថភាពពិតប្រាកដ ដែលជាការផ្តល់ឱកាសដល់សិស្ស និស្សិតគ្រប់រូប ទាំងអ្នកក្រ និងអ្នកមាន។

រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់នូវអាទិភាពគន្លឹះ៥ ក្នុងការបន្តកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលរួមមាន៖ (១)មនុស្ស (២)ផ្លូវ (៣)ទឹក (៤)ភ្លើង និង(៥)បច្ចេកវិទ្យា ដែលជាអាទិភាពគន្លឹះក្នុងយុទ្ធសាស្រ្តបញ្ចកោណ។
បណ្ឌិត កៅ ថាច ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូបន្តខិតខំអប់រំបណ្តុះបណ្តាលសិស្សានុសិស្សឱ្យកាន់តែខ្លាំងបន្ថែមទៀត ដោយក្នុងនោះត្រូវបញ្ចូលបន្ថែមផ្នែកសីលធម៌ សុជីវធម៌ ការទំនាក់ទំនង ដែលជាជំនាញទន់ដ៏មានសារសំខាន់ផងដែរ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ជាប់ឱ្យបាន៩៥ភារយ នៃបេក្ខជនប្រឡងក្នុងស្រុកខ្សាច់កណ្តាល ពិសេសជាប់និទ្ទេស Aច្រើន។
នាឱកាសនោះលោកបណ្ឌិត កៅ ថាច ក៏បាននាំយកនូវថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនបំប៉នដល់សិស្ស នៃវិទ្យាល័យទាំង២ និងឧបត្ថម្ភដល់សាលាស្រុកខ្សាច់កណ្ដាលផងដែរ៕