(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ បាននិងកំពុងជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ នៅសង្កាត់ចំនួន៩ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា គិតត្រឹមម៉ោង១០៖០០ព្រឹកថ្ងៃនេះ មានចំនួន៩សង្កាត់ ស្មើនឹង៣២ភូមិ ១,៥៣៥ខ្នងផ្ទះ, ១,៥៨៦គ្រួសារ, ផ្លូវ១៦ខ្សែ, សាលារៀនចំនួន៤, មណ្ឌលសុខភាពចំនួន២ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានដឹកនាំកម្លាំង នៃអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ​ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងសម្ភារៈក្នុងការចុះជួយប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ដែលកំពុងតែជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកសណ្តស្ទឹងព្រែកត្នោតផងដែរ៕