(រដ្ឋធានីប៉េកាំង)៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោកឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានចូលរួមក្នុងវេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣។

លោកបានយល់ឃើញថាកិច្ចសហប្រតិបត្តិការរយៈពេល១ទសវត្សរ៍ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលមិនត្រឹមចូលរួមផ្តល់ ផលប្រយោជន៍ក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជានិងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមបំពេញបាននូវវេទិកាពហុភាគីក្នុងគោលបំណង ផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិតាមបណ្តោយផ្លូវសូត្រ។ បន្ថែមពីលើនេះ ក្នុងចំណោមសកម្មភាពទាំង៨ដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនបានប្រកាសគាំទ្រការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ លោក ឡាវ វ៉ាន់បានកត់សម្គាល់ថា កិច្ចគាំទ្រការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក្រោមទម្រនៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»នេះពិតជាបានផ្តល់ជាវេទិកាដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយឈរលើគោលការណ៍សមភាព និងគោរពគ្នាទៅវិញទៅមក ដោយបង្កើនចំណងមិត្តភាពកាន់តែសកម្មនិងកាន់តែស្វាហាប់នូវទំនាក់ទំនងរវាងប្រទេសនិងប្រទេស ហើយជាពិសេសបន្ថែមចំណងកាន់តែរឹងមាំលើទំនាក់ទំនងដួងចិត្ត រវាងប្រជាជននិងប្រជាជន ហើយតាមរយៈចំណងនេះ ឯកឧត្តមបានទទួលឱកាសច្រើនក្នុងទំនាក់ទំនងជាមួយបណ្តាដៃគូអភិវឌ្ឍ និងសាកលវិទ្យាល័យនានាក្នុងប្រទេសចិនដែលផ្តល់ លទ្ធភាពបន្ថែមក្នុងការផ្តល់អាហារូបករណ៍ ដល់សិស្ស-និស្សិតកម្ពុជា និងពង្រីកឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានានា។

ជាមួយគ្នានេះផងដែរ តាមរយៈកិច្ចពិភាក្សានៅក្នុងវេទិកាប្រជាជននិងប្រជាជន បណ្តាសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសចិន មានចំណាប់អារម្មណ៍ខ្លាំងលើកិច្ចសហការជាមួយឯកឧត្តម ក្នុងនាមជាក្នុងនាមប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិនដើម្បីចូលរួមបង្កើនទំហំអង្កត់ផ្ចិតកាន់តែធំក្នុងការផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជាមកបន្តការសិក្សានៅក្នុងប្រទេសចិន ដែលនេះជាការគូសបញ្ជាក់កាន់តែច្បាស់ពីបេសកកម្មការងាររបស់ក្រុមការងារ គ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងរង្វង់នៃការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន