(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាច្រើនរូប រួមនិងសកម្មជនរបស់ខ្លួនផងដែរ នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានបង្ហាញជំហរជាសាធារណៈគាំទ្រដល់យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដែលបានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិលកាលពីខែឧសភាមកនោះ។ យុទ្ធនាការនេះត្រូវបានមន្រ្តីរាជរដ្ឋាភិបាលហោថា គឺជាផែនការ និងល្បិចកិច្ចកលនយោបាយអាក្រក់ និងពិសពុល អាចនាំឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់នៃទុក្ខវេទនា។
នៅសប្តាហ៍មុននេះលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជាតិនឹងមិនចូលរួមនូវយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នោះឡើយ។ ផ្ទុយពីការប្រកាសរបស់លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង មន្រ្តីជានខ្ពស់មានឥទ្ធិពល និងស្និទ្ធជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះរូបជាច្រើនសន្លឹកក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ក្នុងនោះមានរូបលោក សម រង្ស៊ី ផងដែរ។
ជាមួយការបង្ហាញរូបភាពស្លៀកសម្លៀកបំពាក់ខ្មៅហើយនោះ លោក អេង ឆៃអ៊ាង បានប្រកាសទៀតថា «រៀងរាល់ថ្ងៃចន្ទ ពួកយើងគាំទ្រ និងចូលរួមយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការ ព្រមទាំងឲ្យមានការទម្លាក់ចោលការចោទ ប្រកាន់លើសកម្មជនគណបក្សនយោបាយ និងសកម្មជនសិទ្ធិមនុស្ស»។
«ថ្ងៃចន្ទពណ៌ខ្មៅ» ត្រូវបានបង្កើតឡើងកាលពីអំឡុងខែឧសភា កន្លងទៅនេះ ដោយក្រុមអង្គការសង្គមស៊ីវិលមួយក្រុម ក្នុងបំណងទាមទារ និងស្វែងរកសេរីភាពជូនមន្រ្តីសិទ្ធិមនុស្សអង្គការអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតមួយរូប ដែលត្រូវបានតុលាការឃុំខ្លួន ដោយចោទប្រកាន់ពីបទ សូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំ រឿងអាស្រូវស្នេហ៍រវាងស្រីមុំ និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា។ «ថ្ងៃចន្ទពណ៌ខ្មៅ» ត្រូវបានក្រុមអង្គការ សង្គមស៊ីវិល ជ្រើសយកថ្ងៃចន្ទ ដើម្បីធ្វើសកម្មភាពសម្តែងមតិ និង មានការដង្ហែក្បួនជាដើមជាមួយការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ។
មកដល់បច្ចុប្បន្នយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ហាក់មានសភាពស្ងប់ស្ងាត់មានតែសកម្មជនដីធ្លីមួយចំនួនតូចប៉ុណ្ណោះនៅបន្តធ្វើសកម្មភាពនេះរៀងរាល់ថ្ងៃចន្ទ ហើយតែងមានការទប់ស្កាត់ពីសមត្ថកិច្ចផងដែរ។ តែនៅព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា នេះ គណបក្សសង្រ្គោះជាតិ ក៏បានបង្ហាញសកម្មភាព និងជំហររបស់ពួកគេចូលរួមយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នេះផងដែរ។
លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានលើកឡើងថា «ថ្ងៃចន្ទពណ៌ខ្មៅ» គឺជាផែនការ និងល្បិចកិច្ចកលនយោបាយអាក្រក់ និងពិសពុល អាចនាំឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់នៃទុក្ខវេទនា ដែលអ្នកនយោបាយ និងប្រជាពលរដ្ឋកម្ពុជាមិនគួរលលេងឡើយ។
លោកទេសរដ្ឋមន្រ្តីថា «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ! ពិតជាគំនិតដ៏អាក្រក់ព្រួញ១បាញ់បានសត្វ២។ ទី១ ចង់ឲ្យអ្នកអតីតអាវខ្មៅងើបឡើង គាំទ្រពួកគេ និងបង្ហាញ ការចង់ឲ្យពួកគេត្រឡប់មកវិញ ដូចគ្នានិងការទៅបំផុសរឿងព្រំដែនយួន ដើម្បីឲ្យអតីតអាវខ្មៅចាប់អារម្មណ៍ងើបឡើងគាំទ្រគេ។ ចំពោះប្រជាជនវ័យចំណាស់ វ័យកណ្តាលគឺឆ្អែត ស្អប់ខ្ពើមនិងខ្លាចអាវខ្មៅខោខ្មៅនេះរួចទៅហើយ។ ប៉ុន្តែតើយុវជនសម័យនេះ គេស្គាល់ឬទេពួកអាវខ្មៅ»។
លោកទេសរដ្ឋមន្រ្តី សេរី កុសល ថែមទាំងបានចាត់ទុក «ថ្ងៃចន្ទពណ៌ខ្មៅ» អាចជាចេតនាក្នុងការចង់បង្ហាញ ពីការជាប់ពាក់ពន័្ធទៅនឹងពួក ISIS ដែលសំលៀកបំពាក់ពួកគេ គឺគេប្រើអាវខ្មៅ ខោខ្មៅ ទង់ខ្មៅ ហើយដែលពិភពលាកកំពុងតែស្អប់ខ្ពើម ថ្កោលទោស ខ្លាចរអានិងចាត់ទុកថាពួកនេះជាភេរវករ ដែលត្រូវតែកម្ចាត់៕