(សៀមរាប)៖ ប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលលក់ដូរនៅខាងមុខប្រាសាទអង្គរវត្ត និងអ្នករត់រ៉ឺម៉កម៉ូតូកង់បី បានសម្ដែងការសប្បាយរីករាយ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការទទួលជើងហោះហើរជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣មក។
លោក ជា ជុន អ្នករត់រ៉ឺម៉កម៉ូតូកង់បី ដឹកភ្ញៀវជាច្រើនឆ្នាំមកហើយនោះបានឲ្យដឹងថា បើតាមការគិតរបស់លោក ភ្ញៀវទេសចរនឹងមកទស្សនាខេត្តសៀមរាបច្រើនជាងពីទៅមុនទៀត ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបបើកដំណើរការថ្មីៗនេះ មានសម្រស់ស្រស់ស្អាត និងគួរឲ្យទាក់ទាញ មានបរិវេណធំទូលាយ ព្រមទាំងអាចទទួលជើងហោះហើរត្រង់មកពីគ្រប់បណ្តារប្រទេសនានា នៅជុំវិញពិភពលោកផងដែរ។
លោក មឿន រ៉ាយ៉ា អ្នករត់រ៉ឺម៉កម៉ូតូកង់បីដែរនោះ បានលើកឡើងទាំងការសប្បាយរីករាយថា លោករំពឹងថាភ្ញៀវទេសចរនឹងមកទស្សនាខេត្តសៀមរាប ច្រើនជាងពីមុននៃវិបត្តិជំងឺកូវីដទៅទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ នៅមិនទាន់មានជើងយន្តហោះធំៗ ហោះត្រង់មកពីបណ្ដាប្រទេសនានានៅឡើយទេ។
លោកថា នៅថ្ងៃខាងមុខដូចឆាប់ៗនេះនឹងមានជើងយន្តហោះហោះត្រង់ មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក មកចុះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារគ្រប់ៗគ្នា និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិ ឲ្យមានការរីកចម្រើនផងដែរ។
ដោយឡែកអ្នកស្រី ឡាន សុវណ្ណា អ្នកលក់សំលៀកបំពាក់នៅតំបន់អង្គរវត្ត បានលើកឡើងមិនខុសគ្នា ដោយអ្នកស្រីសង្ឃឹមថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តខេត្តសៀមរាបច្រើនដូចមុនវិញ ព្រោះខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាត និងថ្មីៗនេះទើបនឹងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថែមទៀត។
លោក រាំង សំណាង អ្នកលក់ដូរនៅតំបន់អង្គរវត្ត បានលើកឡើងថា បើតាមការសង្កេតមើលរបស់លោក ក្នុងអំឡុងខែតុលានេះ គឺមានមានភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គវត្តច្រើន ហើយថ្មីៗនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទើបបើកដំណើរទៀត មិនយូរទេខេត្តសៀមរាបនឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើនជាងពីទៅទៀត។
សូមជម្រាបថា បន្ទាប់ពីបើកដំណើរការ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣រួចមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយពួកគាត់បាននាំគ្នា ទៅទស្សនាព្រលានយន្តហោះថ្មីនេះយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ ជាមួយសមិទ្ធផលថ្មី កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ សាងសង់លើផ្ទៃដីសរុប ៧០០.០៦ ហិកតា ដោយចំណាយទឹកប្រាក់ ១១០០លានដុល្លារអាមេរិក ស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។
ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគក៏បានបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខផងដែរ៕