(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងលបសាច់អួនវែងៗខុសច្បាប់ នៅតាមបណ្តាទីតាំងជាច្រើន ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកជល់គិរី។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងលោក បាន សុវណ្ណារិទ្ធ មន្ត្រីផ្នែកជលផលកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទដោយផ្ទាល់ បានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅទីតាំងខាងលើនេះ មានកម្លាំងសរុបចំនួន ៣២នាក់ មធ្យោបាយមានកាណូតបាលាស្មាច់ចំនួន៦គ្រឿង។ ក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកចំនួន ២៤នាក់ និងមន្ត្រីជលផលផ្នែកកំពង់ឆ្នាំង និងសង្កាត់នេសាទប្រឡាយមាស ចំនួន៨នាក់ មានទូកបាស្មាច់ចំនួន២គ្រឿង។
កិច្ចប្រតិបត្តិការខាងលើនេះ បានចាប់ដំណើរការរុះរើរបាំងលបចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៣៖០០ នាទីរសៀល នៅចំណុចបឹងរៀល ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកជល់គិរី។ ជាលទ្ធផលសមត្ថកិច្ចចម្រុះរុះរើ និងកាប់បំផ្លាញ និងដុតកម្ទេចចោលឧបករណ៍នេសាទនៅនឹងកន្លែងក្នុងងនោះមានរបាំងលបវែងៗចំនួន ១៣កន្លែង មានប្រវែង ២,៦០០ម៉ែត្រ, លបលូចំនួន២៥មាត់, បង្គោលចំនួន ១,០៥០ដើម, ចាក់លែងកូនត្រីចំនួន ១៧០គីឡូចូល ក្នុងបឹងធម្មជាតិវិញផងដែរ។
សូមបញ្ជាក់ថា នៅចំណុចខាងលើនេះកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង មានចំនួន២៤នាក់ កាណូត៦គ្រឿង បានចុះបង្ក្រាបម្ដងរួចមកហើយ ដោយបានកាប់បំ ផ្លាញរបាំងលបវែងៗចំនួន ៨របាំង មានប្រវែង ៤,០០០ម៉ែត្រ, លបលូ៣០មាត់ និងចាក់លែងត្រីចំនួន៨០០គីឡូ ចូលក្នុងបឹងធម្មជាតិវិញ។ ប៉ុន្តែមកដល់ថ្ងៃនេះ នៅចំណុចដដែលខាងលើនេះនៅតែមានបទល្មើសដាក់របាំងវែងៗ ដែលមួយរបាំងៗមានប្រវែងវែងៗដដែល។
ករណីនេះដែរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមត្ថកិច្ចចម្រុះខេត្ត ដែលមានកងរាជអាវុធហត្ថសមត្ថកិច្ចនគរបាលខេត្ត និងមន្ត្រីរដ្ឋបាលជលផល ទាំងនៅពេលនេះ និងពេលកន្លងមកតែងតែបានសហការគ្នាចុះបង្ក្រាបសកម្មភាពបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ និងទទួលបានលទ្ធផលល្អប្រសើរបើទោះជាកន្លែងខ្លះសមត្ថកិច្ចខិតខំចុះបង្ក្រាបស្ទើរាល់ថ្ងៃ ប៉ុន្តែសកម្មភាពបទល្មើសនៅតែបន្តកើតមានតាមក្រោយជាបន្តបន្ទាប់យ៉ាងនេះក៏ដោយ ក៏សមត្ថកិច្ចមិនរាថយក្នុងការចុះធ្វើសកម្មភាពរុះរើ និងដុតបំផ្លាញចោលនូវរាល់ឧបករណ៍នេសាទល្មើសច្បាប់របស់ក្រុមជនខិលខូចទាំងអស់នោះផងដែរ៕