(កណ្ដាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីបច្ចេកទេសនិងមន្ទីរជំនាញចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ជាពិសេសតំបន់ទំនប់៧មករា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

លោករដ្ឋមន្ត្រីបានលើកឡើងថា ផ្នែកខាងលើទឹកចាប់ផ្ដើមស្រកហើយ បណ្ដាទ្វារទឹកមួយចំនួនបានបិទទាំងស្រុង ដូចជាទ្វារទឹករបស់អាងទឹកតាសាលបានបិទទាំងស្រុង ហើយចំណុចពាមឃ្លទឹកចាប់ផ្តើមស្រក ដោយឡែកទ្វារទឹករលាំងជ្រៃកាលពីវេលាម៉ោង៦ព្រឹក បានទម្លាក់ទ្វារចុះកន្លះម៉ែត្រចំនួនបីទ្វារ រហូតមកដល់ម៉ោង១២នេះ បានទម្លាក់ចុះកន្លះម៉ែត្រ២ទ្វារបន្ថែមទៀត។

សូមបញ្ជាក់ថា ស្ថានីយពាមឃ្ល ស្ថិតក្នុងឃុំទំព័រមាស ស្រុកសំរោងទង, ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង និងទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើថា បើទោះបីជាទឹកនៅផ្នែកខាងលើចាប់ផ្ដើមស្រកចុះ ប៉ុន្តែសូមឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់បន្តបង្កើនការយកចិត្តទុកដាក់ ខណៈទឹកនៅខ្ពស់នៅឡើយ ទឹកនឹងបន្តស្រុកចុះបណ្តើរៗតែក្នុងរយៈពេលនេះត្រូវយកចិត្តទុកដាក់ការពារកុំឱ្យមានការធ្លោះធ្លោយណាមួយ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរដែនដីត្រូវមានការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសផងដែរថាបន្ទាប់ពីធ្វើការតាមដានស្ថានភាពធាតុអាកាសរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសម្ពាធទាបនៅជិតវៀតណាម (ក្នុងសមុទ្រខាងកើតវៀតណាម) បានបំប្លែងខ្លួនទៅជាព្យុះត្រូពិកទី១៦ ដែលមានឈ្មោះថា សានបា (Sanba) ស្ថានភាពបែបនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមនៅស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្ដាល ភាគត្បូង ភាគខាងលិច និងភាគនិរតី៕