(ភ្នំពេញ)៖ ឧកញ៉ា ហុង ពីវ និង ឧកញ៉ា តាំង គួង បានជាប់ជាសមាជិកថ្មី សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ជំនួសសមាជិកចាស់ពីររូប ដែលលាលែងតំណែង។
ពិធីជ្រើសរើសបង្រ្គប់សមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៣ លើកទី២ រៀបចំឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា និងមានការចូលរួមពីសមាជិកជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
បើយោងតាម Facebook សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ពិធីខាងលើនេះ ប្រារព្ធធ្វើឡើងដើម្បីជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ចំនួនពីររូបបន្ថែមទៀត៖ ១. ឧកញ៉ា ហុង ពីវ និង២. ឧកញ៉ា តាំង គួង ដើម្បីបង្រ្គប់ចំនួនគូរ៉ុមសរុប៤០រូប និងជំនួសឱ្យសមាជិកជ្រើសតាំងចាស់ពីររូបដែលបានលាលែងពីតំណែង។
ជាលទ្ធផលនៃពិធីជ្រើសរើសដែលបោះឆ្នោត ដោយសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បេក្ខភាពទាំងពីររូប ទទួលបានសំលេងគាំទ្រចំនួន ២៥/២៥ ជាឯកច្ឆ័ន៕