(ភ្នំពេញ)៖ សារមន្ទីរកិនម្រេច ឡាផ្លេនថេសិន ដំបូងគេបង្អស់នៅលើពិភពលោក បានបើកសម្ពោធជាផ្លូវការ នៅរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ដ្រីថ្នាក់ដឹកនាំ តាមបណ្ដាក្រសួងនានាផងដែរ។

សារមន្ទីរកិនម្រេចនេះ នឹងជាផ្នែកមួយនៃការផ្សព្វផ្សាយ ពីផលិតផលខេត្តកំពតនៃប្រទេសកម្ពុជា នៅជុំវិញពិភពលោកឱ្យគេបានស្គាល់កាន់តែច្បាស់បន្ថែមទៀត ខណៈដែលម្រេចត្រូវបានរីកលូតលាស់ និងមានប្រវត្តិដ៏យូរលង់មកហើយ នៅកម្ពុជា ជាពិសេសគឺម្រេចកំពត ដែលបានទទួលស្គាល់ពី PGI (ទំនិញសម្គាល់ភូមិសាស្រ្ត) តាំងពីឆ្នាំ២០១០ ហើយត្រូវបានទទួលស្គាល់ថា ជាម្រេចល្អបំផុតនៅក្នុងពិភពលោក។

សារមន្ទីរកិនម្រេចដែលបានសម្ពោធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិតនៅជាន់ទី១នៃហាងឡាផ្លេនថេសិន នៅក្រោយផ្សារទួលទំពូង ដែលទើបនឹងបើកថ្មីៗនៅរាជធានីភ្នំពេញ។ អ្នកទស្សនាអាចភ្លក់រសជាតិ ទិញគ្រឿងទេស និងទឹកជ្រលក់គ្រប់មុខ ដោយផ្ទាល់ដូចទិញពីកសិដ្ឋានផ្ទាល់។

ឡាផ្លេនថេសិន ជាគម្រោងមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយប្តីប្រពន្ធពីរនាក់ សញ្ជាតិបារាំង- ប៊ែលហ្សិក គឺ លោកស្រី Nathalie Chaboche និងលោក Guy Porré។ ឡាផ្លេនថេសិន គឺបានដើរតួនាទីជាបណ្ដុះបណ្ដាលដល់អ្នកចំការនៅតំបន់កំពត ពីជំនាញដាំធ្វើយ៉ាងម៉េចបានផលលេខ១ ហៅថា PGI ផង និងដើរតួនាទីជាអ្នកដើរប្រមូលផលផង ដើម្បីនាំចេញទៅក្រៅប្រទេស។

លោក Guy Porré បានថ្លែងថា ផ្ដើមចេញពីការដំណើរកំសាន្ដមកកម្ពុជា​ ជាមួយប្រពន្ធរបស់គាត់ បានធ្វើឱ្យពួកគាត់ស្រលាញ់ចូលចិត្ដអំណោយផលនៃធម្មជាតិនៃទឹកដីកម្ពុជា ជាពិសេសដោយបានដឹងពីភាពល្បីល្បាញនៃម្រេចកំពតរបស់កម្ពុជា លោកនិងភរិយា ក៏បានសម្រេចចិត្ដវិនិយោគដំាម្រេច លើទឹកដីខេត្ដកំពតជាច្រើនហិចតា និងដើរប្រមូលម្រេចពីប្រជាពលរដ្ឋដែលដាំម្រេចនៅទីនោះផង ដើម្បីនាំចេញទៅក្រៅប្រទេស ជាដំបូងនាំទៅប្រទេសបារាំង បន្ដបន្ទាប់មកជាង៤០ប្រទេសទៀតនៅលើពិភពលោក។

លោក Guy Porré និងភរិយា បានឱ្យដឹងទៀតថា «អស់រយៈពេល១០ឆ្នាំមកនេះ យើងបាននិងកំពុងផ្សព្វផ្សាយយ៉ាងសកម្មពីផលិតផលខេត្តកំពតនៃប្រទេសកម្ពុជា នៅជុំវិញពិភពលោកឱ្យគេបានស្គាល់។ ការបើកនូវសារៈមន្ទីរកិនម្រេច និងហាងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ឡាផ្លេនថេសិន ដើម្បីបំពេញបន្ថែមលើកសិដ្ឋាន និងហាងផ្ទាល់ក្នុងខេត្តកំពត»

ផលិតផលចុងក្រោយបំផុតរបស់ហាងសម្រាប់ឆ្នាំ២០២៣ មានដូចជា៖ រសជាតិថ្មីនៃការលាយគ្រឿងទេស (មេគង្គ ម្រេចបៃតង ភ្លើង និងកាកាវ) និងផ្លែឈើស្ងួត (ស្វាយ និងម្នាស់) គ្រឿងទេសជាមួយម្រេចក្រហមកំពតដ៏ល្បី។

លោកបានបញ្ជាក់ទៀតថា ឡាផ្លេនថេសិន បានប្តេជ្ញាចិត្តចំពោះគោលនយោបាយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងផលិតនូវគ្រឿងទេសដែលមានគុណភាពខ្ពស់ និងល្អបំផុត។ នៅកសិដ្ឋានគំរូនៃគម្រោងរបស់លោកនៅក្នុងខេត្តកំពតភាគខាងត្បូងនៃប្រទេសកម្ពុជា បានរក្សានិងអនុវត្តប្រពៃណីនៃការផលិត ដែលមានអាយុកាលរាប់សតវត្សមកហើយ ដើម្បីរក្សានូវរសជាតិដើមនៃគ្រឿងទេសនីមួយៗ។ ជារៀងរាល់ឆ្នាំតែងតែបង្កើតនូវផលិតថ្មី ជាមួយការលាយបញ្ចូលគ្នា និងផលិតផលដើម ដោយនាំចេញនូវផលិតផលដ៏ល្អបំផុតទៅជុំវិញពិភពលោក។ គំរូផលិតកម្មបានគោរពគោលការណ៍ពាណិជ្ជកម្ម និងអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ។ ពីកសិដ្ឋានទៅកាន់តុអាហារ។ ខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយដៃគូដែលអាចមានទំនុកចិត្តបាន ដើម្បីធានាជូននូវគ្រឿងទេសថ្មីៗបំផុតក្នុងតម្លៃសមរម្យ ទៅកាន់ទីផ្សារអន្តរជាតិ។

នៅកម្ពុជា ឡាផ្លេនថេសិន ជាតំបន់កសិ-ទេសចរណ៍ ដែលមានសកម្មភាពយ៉ាងទូលំទូលាយ ជាមួយនឹងអ្នកទស្សនាជាង ៥០,០០០នាក់ក្នុងឆ្នាំ២០២៣ ។ឡាផ្លេនថេសិន ក៏ជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងខេត្តកំពត។ គម្រោងនេះគឺបានជួយដល់ប្រជាជនក្នុងតំបន់ច្រើនជាង ១២០នាក់ សម្រាប់ធ្វើការពេញម៉ោង និងជាង១៥០នាក់ ក្នុងអំឡុងពេលប្រមូលផល។ ជាងនេះទៅទៀត ឡាផ្លេនថេសិន ថែមទាំងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សាអប់រំកុមារនៅក្នុងភូមិជាង ១០០នាក់រៀងរាល់ឆ្នាំផងដែរ (បឋមសិក្សា អនុវិទ្យាល័យ និងថ្នាក់ខ្ពស់ជាងនេះ)។

ការបើកសម្ពោធជាផ្លូវការនូវសារមន្ទីរកិនម្រេចនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកជំនាញវិស័យម្ហូបអាហារ និងជាចុងភៅដ៏ល្បីល្បាញនៅកម្ពុជា លោក លូ ម៉េង ដោយបានលើកឡើងថា សារមន្ទីរកិនម្រេច បានដាក់បង្ហាញឧបករណ៍កិនម្រេច ដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ ខ្លះលើសពី២០០ឆ្នាំ ពិតជាសារៈសំខាន់ណាស់ សម្រាប់ឱ្យកូនខ្មែរយើងបានដឹងកាន់តែច្បាស់ពីប្រវត្ដិនៃការប្រើប្រាស់ពីដូនតាយើង ឬចុងភៅរាប់រយឆ្នាំមុន ដែលបានយកឧបករណ៍នេះទៅកិនកាហ្វេជាដើម។

ពិសេសការបើកសារមន្ទីរនេះនឹងផ្ដល់ភាពងាយស្រួលដល់សិស្សសាលាយើង បានសិក្សាស្វែងយល់ពីអ្វីដែលខ្មែរធ្លាប់ល្បីល្បាយកាលពីយូរលង់ណាស់មកហើយ។ សម្រាប់ក្នុងនាមជាចុងភៅមួយរូប ដែលតែងតែចូលរួមពិធីជួបជុំចុងភៅល្បីៗជុំវិញពិភពលោក លោកនឹងពាំនាំនូវដំណឹងនេះ ទៅប្រាប់ចុងភៅល្បីៗទាំងអស់នោះ ឱ្យអញ្ជើញមកទស្សនកិច្ចនៅសារមន្ទីរក្រិនម្រេចនេះ ដើម្បីឱ្យពួកគាត់បានយល់ បានដឹងកាន់តែច្បាស់ពីអ្វីខ្មែរមាន និងជាប្រវត្ដិសាស្ដ្រ ហេតុអ្វីម្រេចនេះមានល្បីល្បាយលេខ១លើសកលលោក ពីតម្លៃ និងការជ្រើសម្រេចកំពតយកមកចម្អិនជាដើម ហេតុអ្វីបានជាមានរសជាតិឈ្ងុយឆ្ងាញ់ខុសគេ ល្អសម្រាប់សុខភាព។

ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ឈ្មួញកណ្ដាល ដែលទិញពីអ្នកចំការ យកទៅលក់លើទីផ្សារបន្ដ ធ្វើយ៉ាងម៉េចកុំឱ្យបោកគេ ដោយការលាយប្រភេទម្រេចពីប្រទេសផ្សេងៗថានេះជាម្រេចកំពត កុំឱ្យខូចឈ្មោះរាប់រយឆ្នាំដែលខ្មែរយើងបានកសាងមក កំពតថាកំពត កុំចង់ចំណេញ លក់ផ្លូវឱ្យសោះ៕