(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងការពារជាតិ បានអះអាងថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចំពោះកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ និងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយនានា។
ការអះអាងបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមការរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍» នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងយ៉ាងដូច្នេះថា៖ «ក្នុងនាមកងយោធពលខេមរភូមិន្ទ ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចំពោះកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ និងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងធ្វើយ៉ាងណាកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងជាពិសេសខិតខំប្រឹងប្រែងធ្វើសកម្មភាពសង្គ្រោះឱ្យបានរហ័សទាន់ពេលវេលា សង្គ្រោះជីវិតប្រជាពលរដ្ឋរាល់ហេតុការដែលបានកើតឡើងគ្រប់កាលៈទេសៈ»។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ការរៀបចំទិវានេះមានសារៈសំខាន់ណាស់ ដែលរំឭកឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយនានា ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ពីព្រោះគ្រោះមហន្តរាយដែលកើតនៅលើពិភពលោកសព្វថ្ងៃមានច្រើន និងមិនអាចកំណត់ពេលវេលាបានឡើយ ព្រមទាំងកន្លែងខ្លះមានឥទ្ធិពលខ្លាំងក្លាជាងមុន ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀតផង ចំពោះកម្ពុជា គ្រោះមហន្តរាយបានកើតឡើងជារៀងរាល់ឆ្នាំ គ្រប់ទីកន្លែង ដែលធ្វើឱ្យមនុស្សរងគ្រោះពីគ្រោះមហន្តរាយនេះជារៀងរាល់ឆ្នាំ។
«ចំពោះកងយោធពលខេមរភូមិន្ទ ក្រៅពីភារកិច្ចការពារបូរណៈភាពទឹកដី និងការការពារសន្តិសុខសាធារណៈ ក៏មានភារកិច្ចចំបង់មួយទៀតគឺការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក ឬគ្រោះមហន្តរាយនានា ដែលបានចែងក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏សូមថ្លែងអំណរគុណដល់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានជួយជ្រោមជ្រែងក្នុងការរៀបចំកម្លាំងទាំង ១៦កង ព្រមទាំងបានបំពាក់សម្ភារៈ ឧបករណ៍បរិក្ខារជាច្រើនដែលចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ហើយបានជួយហ្វឹកហ្វឺនដល់កម្លាំងទាំងអស់ឱ្យចេះប្រើប្រាស់ឧបករណ៍ សម្ភារៈ បរិក្ខារ និងមានជំនាញក្នុងការសង្គ្រោះ។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ បានបន្តថា កងយោធពលខេមរភូមិន្ទទាំងមូលសូមថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តួចផ្តើមគំនិត និងខិតខំស្នើសុំគ្រឿងបំពាក់ពីភាគីមិត្តពាក់ព័ន្ធដើម្បីបំពាក់ជូនកម្លាំងសង្គ្រោះគ្រោះមហន្តរាយនៃកងយោធពលខេមរភូមិន្ទ និងធ្វើឱ្យកងយោធពលខេមរភូមិន្ទមានសមត្ថភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក។
បើតាមទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ដោយឡែកនៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសម្តេចមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខទុក្ខអាយុជីវិតរបស់ប្រជាជនដោយបានចេញសារជាសំឡេងឱ្យក្រសួង ស្ថាប័នរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងមានវិធានការសង្គ្រោះប្រជាជនដែលទទួលរងគ្រោះ ហើយក៏មិនខុសអ្វីពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នោះឡើយ។
ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជន គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល។ ចំពោះការឆ្លើយតបគ្រោះមហន្តរាយ ក៏ដូចជាការសង្គ្រោះគ្រោះមហន្តរាយ តាមរយៈនៃរចនាសម្ព័ន្ធដែលបានកើតឡើងយោងតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៥ ដោយមានយន្តការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងតាមក្រសួងស្ថាប័ន ព្រមទាំងបានបង្កើតនូវកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ១៦កង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទោះបីជាសម្ភារបរិក្ខាគ្រប់គ្រាន់ជាដើមក៏បានបំពេញបាននូវភារកិច្ចទប់ស្កាត់មុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយការពារសុវត្ថិភាព និងសុខុមាលភាពជូនប្រជាជនបានគាប់ប្រសើរផងដែរ៕