(ចិន)៖ បន្ទាប់ពីបញ្ចប់ដំណើរអមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញការងារ​នៅ​ប្រទេសចិនហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា មិនទាន់អញ្ជើញត្រឡប់មកកម្ពុជាវិញនោះទេ លោកបានបន្តដំណើរទស្សនកិច្ចនៅតាមក្រុងធំៗ​មួយចំនួនទៀតរបស់ចិន ដើម្បីជួបអ្នកវិនិយោគចិន និងបញ្ចុះបញ្ចូលឱ្យពួកគេមកវិនិយោគនៅកម្ពុជា។

នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើដំណើរទៅ​កាន់​ទីក្រុងហ្សិនចិន (Shenzhen) ដែលជាទីក្រុងឧស្សាហ៍កម្មបច្ចេកវិទ្យាដ៏ធំរបស់ចិន។ ក្នុងដំណើរទៅ​កា​ន់​ទីក្រុងបច្ចេកវិទ្យារបស់ចិននេះ លោកឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក Jianlin Bao អនុប្រធានក្រុមហ៊ុន Huawei Technologies Co., Ltd.។

ដំណើរទស្សនកិច្ច ធ្វើឡើងក្រោមទិសស្លោក «ថែទាំវិនិយោគ» ដោយផ្ទាល់ជាលើកដំបូង (Investment Aftercare) ដល់ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei នេះ គឺជាបេសកកម្មលើកទី១ របស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនីតិកាលទី៧ ដើម្បីបង្ហាញ​ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនក្រៅប្រទេសដែលបានចូលមកវិនិយោគនៅកម្ពុជា តាមរយៈការចុះសួរសុខទុក្ខវិនិយោគិនដោយផ្ទាល់ និងជម្រាបជូនអំពីឱកាសវិនិយោគថ្មីៗ​នៅ​កម្ពុជា ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។

ក្នុងជំនួបជាមួយ XDS Bicycle ក្រុមហ៊ុនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់​ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការពង្រីកច្រវាក់​ផលិតកម្ម​របស់​ខ្លួនបានយ៉ាងឆាប់រហ័ស។ ជាពិសេស ក្រុមហ៊ុនបានបង្ហាញអំពីចក្ខុវិស័យ ក្នុងការពង្រីករោង​ចក្រ​របស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមក​វិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ បានផ្តល់ឱកាសការងារជូន​ដល់ប្រជា​ពលរដ្ឋ​ប្រមាណ ១,៤០០នាក់រួចមកហើយ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជា​សំណូមពរ និងបង្ហាញនូវបញ្ហា​ប្រឈម​ដែល​ក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគ​ពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតយកឱកាសនេះផ្តួចផ្តើមគំនិតឱ្យមានរៀបចំ​ការជិះ​កង់​របស់ក្រុមហ៊ុនផ្ទាល់ (XDS Bike Tour) នៅក្នុងខេត្តសៀមរាប ដើម្បីគោលដៅសំខាន់ៗចំនួន ៤ រួមមាន៖ ១) ផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា, ២) ផ្សព្វផ្សាយអំពីវិស័យ​ទេស​ចរណ៍នៅប្រទេសកម្ពុជា ៣) ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និង៤) រៃអង្គាសថវិកាជូនដល់មន្ទីរ​ពេទ្យ​កុមារអង្គរ។

ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Huawei ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីនវានុវត្តឌីជីថលថ្មីៗ រួមមាន ប្រព័ន្ធរដ្ឋបាលឌីជីថល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធកំពង់ផែឌីជីថល ប្រព័ន្ធអាកាសយាន​ដ្ឋាន​ឆ្លាតវៃ ទីក្រុងឌីជីថល ប្រព័ន្ធគ្រប់គ្រងថាមពលឌីជីថល ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រព័ន្ធទំនើបផ្សេងៗ​ទៀតត្រូវបានជម្រាបជូនដល់គណៈប្រតិភូកម្ពុជា។

ក្រុមហ៊ុនក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងរាជរដ្ឋាភិបាលកម្ពុជា​កន្លង​មកក្នុងការចូលរួមក្នុងធ្វើឌីជីថលូបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Huawei នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពី​គោល​នយោបាយ និងចក្ខុវិស័យសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមហ៊ុនឱ្យ​ជ្រាប​កាន់តែច្បាស់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ចាក់បន្ថែមអំពីវិស័យបច្ចេកវិទ្យាឌីជីថល ដែល​ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈផ្តល់ការលើកទឹកចិត្តជាពិសេស​ដល់វិនិ​យោគិន ​ដែលធ្វើការវិនិយោគលើវិស័យនេះក្នុងព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យលើកត្តាអំណោយផលនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តខ្ពស់ឱ្យក្រុមហ៊ុនបង្កើត​ច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាដោយផ្ទាល់ផងដែរ៕