(ភ្នំពេញ)៖ លោក ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេសបីគោលដៅតែមួយ» ដើម្បីពង្រីកសក្តានុពលវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាម និងឡាវ។
ការលើកឡើងនូវគំនិតផ្តួចផ្តើម និងការគាំទ្រលើគំនិតនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មីញជីញ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ»។
ក្នុងជំនួបនោះ លោក ផាម មីញជីញ បានអបអរសាទរសាជាថ្មីជូនសម្តេចធិបតី ដែលទទួលបានការគាំទ្រជានាយករដ្ឋមន្ត្រីនីតិកាលថ្មី។ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។
លោក ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាម កំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ។
សម្តេចធិបតី បានសម្តែងក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយលោកប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបាយ-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ។
ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត។ ជាពិសេសលោកនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)» ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ជាដើម៕