(រដ្ឋធានីប៉េកាំង, ចិន)៖ លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណប្រជាមានិតចិន នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (និស្សិត អ.ម.ត) និងនិស្សិតខ្មែរកំពុងសិក្សាក្នុងរដ្ឋធានីប៉េកាំងចំនួន ៩០នាក់។
ថ្លែងក្នុងឱកាសនោះលោក ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគម អ.ម.ត ជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសចិន ហើយលោកក៏បានចាត់ទុកស្ថានភាពជាក់ស្តែងរបស់និស្សិតកម្ពុជានៅប្រទេសចិនគឺជាគោលដៅអាទិភាពនៅក្នុងផែនការសកម្មភាពរបស់ក្រុមការងារ។
ឆ្លៀតក្នុងឱកាសនោះលោក ឡាវ វ៉ាន់ ក៏បានគាំទ្រឆន្ទៈនិស្សិតកម្ពុជាទាំងអស់ដែលបានប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពជាធ្លុងមួយក្នុងន័យថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ ជាមួយគ្នាផងដែរនិស្សិតក៏បានប្រើប្រាស់ ឱកាសនេះជាវេទិកាពិភាក្សាយ៉ាងស្និទ្ធស្នាល និងកក់ក្តៅដោយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជុំវិញបរិយាកាសសិក្សា និងការរស់នៅ ព្រមទាំងចូលរួមចែករំលែកដំណោះស្រាយទុកជាបទពិសោធន៍ សម្រាប់មិត្តនិស្សិតដទៃទៀតផងដែរ។
បន្ថែមពីលើនេះលោក ឡាវ វ៉ាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រពីអាណាព្យាបាលលើការសិក្សារបស់និស្សិតទាំងអស់គ្នា ហើយលោកក៏បានបន្តការលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែង រៀនសូត្រ ពង្រឹងសមត្ថភាពនិងបំណិន ព្រមទាំងរួមសាមគ្គីគ្នាចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃកម្ពុជា៕