(ព្រះវិហារ)៖ មន្ត្រីយោធាម្នាក់បម្រើការងារនៅក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ បានដាច់ចិត្តយកកាំភ្លើងមកបាញ់សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល ដល់នាយទាហាន នាយទាហានរង និងពលទាហាននៅក្នុងអង្គភាព។
ហេតុការណ៍ដ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៤៖៣៥នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបន្ទាយកងទ័ពវរសេនាតូចលេខ៣៨៥ ស្តិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
លោកវរសេនីយឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានរាយការណ៍ជូនលោកមេបញ្ជាការកងទ័ពជើងគោក និងលោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានខ្លឹមសារថា មន្ត្រីយោធាដែលយកកាំភ្លើងបាញ់ធ្វើអត្តឃាតសម្លាប់ខ្លួនឯងមានឈ្មោះ ហ៊ុយ បូ អាយុ៥៧ឆ្នាំ មុខរបរទាហាន ឋានន្តរសក្ដិអនុសេនីយ៍ឯក អត្តលេខ ០២២០៣៥ មុខងារជំនួយការភស្ដុភារបច្ចេកទេស វរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ រស់នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុជនរងគ្រោះបានយកអាវុធម៉ាកAK47 បត់ចំហៀង លេខ៥៨៥៦៩៧ ចេញពីឃ្លាំង មកបាញ់ខ្លួនឯងចំនួន០១គ្រាប់ ចំលើដោះខាងឆ្វេង និងធ្លាយមកខាងក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានអង្គភាពបញ្ជូន ទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ ករណីយកកាំភ្លើងបាញ់ធ្វើអត្តឃាតខ្លួនឯងនេះ បើតាមប្រភពព័ត៌មានមូលហេតុបណ្ដាលមកពីមានវិបត្តិក្នុងគ្រួសារ (ជម្លោះក្នុងគ្រួសារ)៕