(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង ០៣ និង០៨នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខការ៉ាស់សាំង PTT ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈុន គឹមឈាន (ហៅម៉ៃ) អាយុ១៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី បញ្ជាក់ថា កាលពីវេលាកើតហេតុ មានក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាប្រហែលចំនួន០៩នាក់ ម៉ូតូចំនួន០៤គ្រឿង ធ្វើសកម្មភាពដេញកាប់ និងគប់គ្នានៅចំណុចមុខការ៉ាស់សាំង PTT ក្រោយពីធ្វើសកម្មភាព រួច ក្រុមទាំងពីរជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ កំណត់បាននូវមុខសញ្ញា ក្មេងទំនើងទាំង២ក្រុម ១-ក្រុមDL(ដីឡូត៍), ២-ក្រុមOMB (អូរអំបិល) បន្ទាប់ពីកំណត់មុខសញ្ញាបានហើយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនបានក្មេងទំនេីងម្នាក់ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនជាសមាជិកក្នុងក្រុមDL (ដីឡូត៍) ហើយកន្លងមកក្រុមរបស់ខ្លួន ពុំដែលមានទំនាស់ជាមួយក្រុម OMB (អូរអំបិល)នោះទេ។ នៅថ្ងៃកើតហេតុវេលាម៉ោង ប្រមាណ៣ទាបភ្លឺខ្លួន និងបក្ខពួកមកពីដើរលេងនៅផ្សាររាត្រី ពេលជិះដល់ម៉ូតូមកដល់ចំណុចការ៉ាស់សាំងPTT ក៏បានជួប និងក្រុមOMB (អូរអំបិល) មានម៉ូតូ៣គ្រឿងជិះដេញកាប់ពួកខ្លួនតែម្តង។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជន សង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី៕