(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យប្រតិភូយុវជន នៃកម្មវិធីនាវាយុជនអាស៉ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ ចូលរួមសម្ដែងការគួរសម និងសុំអនុសាសន៍ណែនាំ។ ជំនួបនេះធ្វើឡើងក្នុងនាមលោកតំណាងឲ្យ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន។

ប្រតិភូយុវជនទាំង១១រូបនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសដើម្បីចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដែលមានរយៈពេល១០ថ្ងៃ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាកិច្ចចាប់ផ្ដើម លោក ពៅ សាលីដេត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមអបអរសាទររបស់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជូនចំពោះយុវជនទាំង១១រូប ដែលត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធីដ៏ល្អមួយនេះ តំណាងឲ្យយុវជនកម្ពុជា។

បន្ទាប់ពីទទួលស្ដាប់នូវសេចក្ដីរាយការណ៍មួយចំនួនរួចហើយនោះ លោក ពៅ សាលីដេត ក្នុងនាមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការផ្ដាំផ្ញើ និងដាក់ចេញនូវអនុសាសន៍មួយចំនួន៖

* ប្រតិភូយុវជនទាំងអស់ ត្រូវបង្កើននូវការសាមគ្គីភាព និងភាតរភាពរវាងក្រុមយុវជនទាំងអស់

* ប្រតិភូយុវជនទាំងអស់ ត្រូវធ្វើភាពជាតំណាងឲ្យប្រទេសកម្ពុជា ផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជាជូនដល់យុវជនបណ្ដាប្រទេសនានាដែលបានចូលរួម

* ត្រូវផ្សព្វផ្សាយអំពីទេសចរណ៍ទាំងប្រវត្តិសាស្ដ្រ វប្បធម៌ អេកូធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា ទៅកាន់បណ្ដាយុវជនទាំងអស់ឲ្យបានដឹង និងយល់ច្បាស់បន្ថែមទៀត

* ត្រូវបន្ដធ្វើការទំនាក់ទំនង សហការជិតស្និតជាមួយបណ្ដាប្រទេសអាស៊ានដែលចូលរួម និងជប៉ុន សំដៅបន្ដមិត្តភាពជិតស្និត

* យុវជនទាំងអស់ត្រូវបណ្ដុះក្ដីស្រម៉ៃរបស់ខ្លួនដើម្បីទទួលបានជ័យជោយ និងមានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ

* ត្រូវចូលរួមផ្សព្វផ្សាយផលប៉ះពាល់ដោយសារគ្រឿងញៀន ចូលរួមបង្ការ ទប់ស្កាត់ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។

សូមជម្រាបថា សមាគមនាវាយុវជនអាស៊ីអាគ្នយ៍កម្ពុជា ដែលមានឈ្មោះជាភាសាអង់គ្លេស SSEAYP International Cambodia ហៅកាត់ថា SIC ត្រូវបានបង្កើតឡើងដោយ មហាសន្និបាតធម្មនុញ្ញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ដោយអតីតប្រតិភូយុវជនដែលបានចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ទាំងអស់ ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា។ រហូតមកដល់ពេលនេះ សមាគមមានសមាជិកសរុបចំនួន៦០០នាក់ (រួមទាំងប្រតិភូយុវជន ឆ្នាំ២០២៣)៕