(កំពង់ស្ពឺ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺថា សម្រាប់មូលនិធិដែលទាញបានពីវិស័យរ៉ែ ត្រូវយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋានជំនួសវិញ។
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ស៊ុយ សែម បានចុះទៅដោះស្រាយសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំភ្នំតូច និងឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺចំនួន៤ចំណុចធំៗ ព្រមទាំងទទួលយកបញ្ហាប្រឈមនានាមួយចំនួនទៀត ទៅសិក្សាដើម្បីរកដំណោះស្រាយនៅពេលក្រោយ។
ការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋនេះ បានលើកឡើងនៅក្នុងវេទិកាសាធារណៈស្តីពី «ការផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីគោលការណ៍ នៃការប្រើប្រាស់មូលនិធិរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន» នៅក្នុងឃុំពាំងល្វា ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពល បានបញ្ជាក់នៅក្នុងវេទិកានោះថា «ទូទាំងខេត្តកំពង់ស្ពឺ មានអាជីវកម្មធនធានរ៉ែថ្មសម្ភារសំណង់ កំពុងដំណើរការសរុប៥៤អាជ្ញាប័ណ្ណក្នុងនោះ ការដ្ឋានថ្មមាន២៥ទីតាំង រួមមាន៖ ការដ្ឋានខ្សាច់ស្ទឹងមាន៨០កន្លែង ការដ្ឋានខ្សាច់បកមាន២កន្លែង សិប្បកម្មខ្សាច់បក១៩កន្លែង ប្រើប្រាស់កម្លាំងកម្មករសរុប១២២០នាក់ ទទួលបានប្រាក់មូលនិធិរ៉ែទ្រទ្រង់កិច្ចអធិវឌ្ឍន៍សង្គមមូលដ្ឋានជាង៩ដុល្លារ និងប្រាក់មូលនិធិសម្រាប់គ្រប់គ្រង និងក៏សាងសមត្ថភាពវិស័យរ៉ែមានចំនួនជិត៦ដុល្លារ»។
ភូមិពាំងល្វាមាន៣គំរោងមាន ទី១ ធ្វើផ្លូវពីភូមិស្រះថ្មី រងចាំការសិក្សាពីជំនាញ ដោយឡែកគំរោងទី២ ស្តារត្រពាំទឹកនៅភូមិអាយាន លោករដ្ឋមន្រ្តីព្រមទទួលស្តារ ទី៣ ធ្វើសំណង់ស្ទាក់ទឹកអាយានដដែល ក៏ព្រមទទួលយកសាងសងដែរ។ សំណង់ទាំងនេះ បានជួយសម្រួលដល់ការខ្វះខាតទឹក សម្រាប់ពលរដ្ឋក្នុងចំណុចភូមិពាំងល្វានេះ។ នៅក្នុងភូមិភ្នំតូចវិញបានស្នើចំនួន៣គំរោងដែរ ទី១ សាងសង់សាលារៀន ក្រសួងរ៉ែ មិនមានលទ្ធភាពទុកជូនក្រសួងអប់រំសិក្សា ទី២ ចាក់ផ្លូវបេតុង ក្រសួងរ៉ែនៅមិនទាន់មានលទ្ធភាព និងទី៣ជីកស្រះ លោករដ្ឋមន្ត្រី ជូនតាមការស្នើសុំសម្រាប់តម្រូវការទឹករបស់បងប្អូន។
លោករដ្ឋមន្រ្តី បានលើកឡើងថា បើសិនក្រុមហ៊ុនវាយថ្មនៅតែបន្ត មានន័យថា «យើងនៅមានលុយមូលនិធិ សម្រាប់កសាងតាមមូលដ្ឋាន»។ ជាមួយគ្នានេះ លោក ស៊ុយ សែម បានណែនាំដល់ឲ្យក្រុមហ៊ុនវាយថ្មទាំងអស់មិនអនុញ្ញាតឲ្យដឹកលើសទ្រុងរថយន្តទេ ដែលនាំឲ្យបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងធ្វើដំណើរតាមផ្លូវក្នុងភូមិ។ កិច្ចការក្រុមហ៊ុន គឺបានបង់សួយសារដល់រដ្ឋរួចហើយ ដូច្នេះការស្នើលើសគំរោងរបស់បងប្អូន លោករដ្ឋមន្ត្រី នឹងលើយកសំណើបងប្អូនទៅពិភាក្សាគ្នា ជាមួយក្រុមសិក្សាលើការស្នើសុំនេះ។
លោករដ្ឋមន្រ្តី បានលើកយកការស្នើសុំចំពោះមុខអំពីករណីពលរដ្ឋ សុំកុំឲ្យផាកពិន័យរឿងបង់ថ្លៃភ្លើងយឺត របស់ពលរដ្ឋរហូត១ម៉ឺនរៀល រាល់ពេលផុតកំណត់តែមួយថ្ងៃថា មិនគួរធ្វើរបៀបនេះ គឺជារឿងហួសហេតុពេកហើយលោកនឹងដោះស្រាយជូន។ នៅរសៀលថ្ងៃនេះដែរ លោករដ្ឋមន្ត្រី និងក្រុមការងារចុះទៅកាន់ស្រុកគងពិសី ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងវិស័យធ្វើអាជីវកម្មធនធានរ៉ែនេះផងដែរ៕