(មណ្ឌលគិរី)៖ ពិធីបុណ្យសព «ដំរីសំបូរ» ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០២៣នេះ តាមបែបប្រពៃណីខ្មែរផង និងជនជាតិដើមភាគព្នងផង ដើម្បីឧទ្ទិសកុសលបុណ្យជូនវិញ្ញាណក្ខន្ធដំរីរបស់កម្ពុជាមួយនេះ។

ពិធីបុណ្យសពនេះដែរត្រូវបានរៀបចំដោយអង្គការ ELIE ដែលជាអង្គការមើលថែទាំដំរីសំបូរកាលនៅមានជីវិត នាភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

គួរជម្រាបថា ដំរីសំបូរបានស្លាប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយសារតែជំងឺធ្មេញ ក្រោយពេលចូលនិវត្តន៍៩ឆ្នាំពីការបម្រើវិស័យទេសចរណ៍។ មុនចាកចេញទៅខេត្តមណ្ឌលគិរី ដំរីសំបូររស់នៅរាជធានីភ្នំពេញបានជាង ២០ឆ្នាំ ដែលគ្រប់គ្នាធ្លាប់ឃើញភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមរមណីយដ្ឋានវត្តភ្នំ មុខព្រះបរមរាជវាំងជាដើម៕