(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាអគ្គលេខាធិការស្តីទីក្រុមប្រឹក្សាធម្មនុញ្ញ បានគូសរំលេចថា បច្ចុប្បន្ននេះ កម្ពុជា បដិបត្តិច្បាប់រដ្ឋធម្មនុញ្ញ មិនមែនអនុវត្តអត្ថបទកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ព្រោះព្រលឹងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចូលសណ្ឋិតក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ គ្រប់លក្ខខណ្ឌគតិយុត្តិអស់ហើយ។
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានថ្លែងដូចនេះ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការអនុវត្តមុខងាររៀបចំផែនកានៅលើប្រព័ន្ធ FMIS ដែលរៀបចំឡើងនៅខេត្តសៀម ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ។
ដោយសារថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ ជាខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ក្នុងពិធីព្រឹកមិញនេះ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងពីទិដ្ឋភាពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោកបណ្ឌិត បានលើកឡើងថា នៅថ្ងៃទី២៣ ក្នុងខែតុលា ខាងមុខនេះ អ្នកនយោបាយ និងមជ្ឍដ្ឋានប្រជាពលរដ្ឋ តែងនឹកឃើញថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ ដោយគេសន្មត់ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។ ទោះយ៉ាងនេះក្តី ព្រលឹងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចូលសណ្ឋិតក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គ្រប់លក្ខខណ្ឌ គតិយុត្តិអស់ហើយ ដែលរដ្ឋធម្មនុញ្ញនេះធានាបាននូវក្របខណ្ឌច្បាប់រឹងមាំមួយសម្រាប់ដឹកនាំប្រទេសឱ្យមានស្ថេរភាព និងសន្តិភាព ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ។
លោកបន្តថា «ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបដឹកនាំបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះយើងគួរនាំគ្នានិយាយពីច្បាប់ ពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ដែលបានធានាការពារលើគ្រប់វិស័យ ដោយពុំអាចមានអត្ថបទកិច្ចព្រមព្រៀងណាមួយដែលខ្ញុំចង់សំដៅលើអត្ថបទនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស យកមកដើរតួជំនួសរដ្ឋធម្មនុញ្ញជាច្បាប់កំពូល និងបង្ខំឱ្យតួអង្គរដ្ឋទាំងអស់អនុវត្តបានឡើយ»។
លោកបន្ថែមថា «យើងបដិបត្តិច្បាប់រដ្ឋធម្មនុញ្ញ មិនមែនអនុវត្តអត្ថបទកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ព្រោះព្រលឹងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចូលសណ្ឋិតក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គ្រប់លក្ខខណ្ឌគតិយុត្តិអស់ហើយ»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការអនុវត្តមុខងាររៀបចំផែនកានៅលើប្រព័ន្ធ FMIS នៅខេត្តសៀមរាប ក្រោមអធិបតីភាព បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលសិក្ខាសាលានេះតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ចុងឆ្នាំនៃឆ្នាំនីមួយៗ៕