(ភ្នំពេញ)៖ បន្ទាប់ពីជួសជុលឡើងវិញរួចរាល់ជាស្ថាពរហើយនោះ «ស្ពានហាលខាងលិច​ប្រាសាទ​អង្គរ​វត្ត» នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរអប្សរា បានឱ្យដឹងថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ដើម្បីគ្រប់គ្រងនូវ​លំហូរ​​ការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ អាជ្ញាធរជាតិអប្សរានឹងកំណត់ទិស​ដៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់​ការទស្សនា។ ដោយឡែកស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត រក្សាទុកជាច្រកចេញ។

សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ​២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។

ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនិងការបណ្តុះបណ្តាលធនធាន​មនុស្ស​ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំ​បេតិកភណ្ឌដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ការផ្តួចផ្តើមបង្កើតសារមន្ទីរ​ព្រះនរោត្តមសីហនុអង្គរជាដើម៕