(ភ្នំពេញ)៖ នៅសប្ដាហ៍ក្រោយនេះ សិស្សថ្នាក់ទី១២ ទាំងអស់ត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយ គ្រា ការប្រឡងបាក់ឌុបរំកិលជិតមកដល់នេះ រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងសារពិសេសមួយផ្ញើទៅ កាន់សិស្ស ដែលត្រូវប្រឡងដោយបញ្ជាក់ថា «អ្នកចេះនឹងជាប់»។
តាមរយៈសារជាវីដេអូបង្ហោះលើទំព័រ Facebook ក្រសួងអប់រំនាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ហង់ ជួនណារ៉ុន បានថ្លែងថា «សូមប្អូនសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ គោរពបទបញ្ញាត្តិ នៃការប្រឡង មិនត្រូវយកសំណៅឯកសារចូលមណ្ឌលប្រឡងនោះទេ ហើយក៏មិនត្រូវយកឧបករណ៍អេឡិចត្រូនិចចូលមណ្ឌលប្រឡងដែរ ប្រសិនបើប្អូនៗរំលោភលើបញ្ញត្តិ នឹងធ្លាក់ដោយស្វ័យប្រវត្តិ»។
លោករដ្ឋមន្ដ្រី បន្ដថា ដើម្បីធានាឲ្យបាននូវការប្រឡងមួយឲ្យមានតម្លាភាព យុត្តិធម៌ ឆ្លុះបញ្ជាំងពីចំណេះដឹង ហើយដើម្បីស្របតាមពាក្យស្លោកថា «អ្នកចេះ គឺជាប់» គឺមានតែសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រតែប៉ុណ្ណោះ ហើយក្រសួងនឹងធានាឲ្យបានថា ការប្រឡងនេះប្រកបដោយភាពត្រឹមត្រូវបំផុត។ បន្ថែមពីនេះ លោករដ្ឋមន្ដ្រី ក៏សូមជូនពរឲ្យបេក្ខជនទាំងអស់ ទទួលបានជោគជ័យ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ការប្រឡងបាក់ឌុបមាន ៧មុខវិជ្ជា មានពិន្ទុសរុប ៥០០ពិន្ទុ ប៉ុន្ដែពិន្ទុជាប់ត្រឹមតែ ២៣៧ពិន្ទុប៉ុណ្ណោះ ហើយបេក្ខជនណាដែលបានទទួលពិន្ទុចាប់ពី ៩០ភាគរយ ដល់១០០ភាគរយ គឺទទួលនិទ្ទេស A ហើយចន្លោះពី ៨០ភាគរយ ទៅ ៩០ភាគរយ ទទួលបាននិទ្ទេស B ហើយ៧០ភាគរយ ទៅ៨០ភាគរយ ទទួលបាននិទ្ទេស C។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២២-២៣ ខែសីហា ដោយមានបេក្ខជនចូលរួមប្រឡងប្រមាណ ៩៣,៧៥២នាក់ ចែកចេញជា ១៥៧មណ្ឌល ស្មើនិង ៣,៧៨១បន្ទប់៕