(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍» ដើម្បីជាឱកាស ក្នុងការបង្ហាញទៅដល់សាធារណជនទាំងអស់អំពីសារៈសំខាន់ នៃការត្រៀមរៀបចំខ្លួន និងការកសាងភាពធន់ដើម្បីទប់ទល់ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងការពារជាតិ។

បើយោងតាមរបាយការណ៍របស់លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ស្ថានភាពទូទៅគ្រោះមហន្តរាយនៅកម្ពុជា សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ រួមមាន៖

*ទឹកជំនន់៖ គ្រោះមហន្តរាយទឹកជំនន់ គឺនៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅកម្ពុជា។ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផល់ប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០, ប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដែលក្នុងនោះ ជម្លៀស ២,០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី៤) រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង។ ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន ២២,៧១៣ហិកតា និងខូចខាត ៤,៥៨៣ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៣,០២៦ហិកតា និងខូចខាត ១,២៩៧ហិកតា ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦,៨៧៨ក្បាល និងងាប់ ៦ក្បាល។ បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥,០៦៩ម៉ែត្រ, ផ្លូវគ្រួសក្រហម បេតុង និងដីសប្រវែង ១៧៤,៨៧៦ម៉ែត្រ, ប៉ះពាល់ និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន ៥៣កន្លែង។

*រាំងស្ងួត៖ ការទទួលរងឥទ្ធិពលអាកាសធាតុអែលនីណូ កម្រិតខ្ពស់បានធ្វើឱ្យដំណាំកសិកម្មទទួលការប៉ះពាល់ជាបន្តបន្ទាប់ចាប់តាំងពីខែមីនាមក។ មូលដ្ឋានរាជធានី-ខេត្តចំនួន១១ បានទទួលរងផលប៉ះពាល់ជាពិសេសលើ ដំណាំស្រូវចំនួន ៨៦,០៧១ហិកតា ខូចខាត ៣,៤៧៦ហិកតា និងដំណាំផ្សេងទៀតប៉ះពាល់ចំនួន ២៥,៤០៩ហិកតា ខូចខាត ១៥,២៩០ហិកតា។

*ខ្យល់កន្រ្តាក់៖ ស្ថានភាពខ្យល់កន្រ្តាក់នៅតែបន្តកើតមានក្នុងកម្រិតមធ្យមដែលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ខ្យល់កន្រ្តាក់បានកើតមានចំនួន ២៦៣លើក ក្នុងក្របខណ្ឌទូទាំងប្រទេសដែលបណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ១,៩៥៦ខ្នង របើកដំបូលនិងខូចមធ្យម ១២,៦៦៤ខ្នង ប្រជាជនរងគ្រោះស្លាប់៩នាក់ និងរបួស ១៦៩នាក់ របើកដំបូលសាលារៀន ៩១អគារ។

*រន្ទះបាញ់៖ គ្រោះមហន្តរាយដោយរន្ទះកើតមានចំនួន ១២៥លើក នៅមូលដ្ឋានរាជធានី-ខេត្ត ចំនួន២១ ដែលបណ្តាលអោយ ស្លាប់ ៧៣នាក់ (ស្រ្តី៩ ក្មេង៧) របួស ៥៥នាក់ ងាប់គោ ក្របី ៩៣ក្បាល និងខូចខាតផ្ទះ ១២ខ្នង។

*បាក់ស្រុតច្រាំងទន្លេ ស្ទឹង៖ កើតមានចំនួន ២៧ករណី នៅរាជធានី-ខេត្ត ចំនួន៨, ផ្ទះខូចខាតនិងបាក់ស្រុតចូលក្នុងទឹក ៣១ខ្នង ផ្ទះរំកិលនិងរុះរើចេញចំនួន ១៧៥ខ្នង។

*ជំងឺគ្រុនឈាម៖ ដោយសារឆ្នាំនេះជាវដ្តនៃជំងឺគ្រុនឈាមដែលបណ្តាលឱ្យស្ថានភាពនៃជំងឺមានការកើនឡើង២ដង ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះរយៈពេល ៩ខែ ឆ្នាំ២០២៣នេះជំងឺគ្រុនឈាមបានកើតមានចំនួន ១៩,០០០ករណី ក្នុងក្របខណ្ឌទូទាំងប្រទេសដែលបណ្តាលឱ្យស្លាប់ចំនួន ៣៤នាក់។

*អគ្គីភ័យ៖ អគ្គីភ័យបានកើតមានចំនួន ៤៧២ករណី ក្នុងក្របខណ្ឌទូទាំងប្រទេសដែលក្នុងនោះឆេះផ្ទះ ៥២៤ខ្នង-ល្វែង តូបលក់ដូរ ៧៩តូប រោងចក្រ និងរោងសិប្បកម្ម ៩កន្លែង។ ឆេះខូចខាតចំការកៅស៊ូ តាងែន ស្វាយចន្ទីរ និងអាកាស្យា ៥៧ហិកតា។

*ឧបទ្ទវហេតុផ្លូវគោក៖ គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវកើតមានចំនួន ២,៣៨២លើក ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានសម្លាប់មនុស្សចំនួន ១,១៣២នាក់ និងរបួសធ្ងន់ ស្រាល ចំនួន ៣,២១១នាក់។

*ឧបទ្ទវហេតុផ្លូវទឹក៖ កើតមានចំនួន ៩ករណី លិចទូកនេសាទសមុទ្រ ២គ្រឿង ការណូតដឹកអ្នកទេសចរណ៍ ១គ្រឿង សាឡង់ ដឹកខ្សាច់ ១គ្រឿង លិ ចទូកម៉ាស៊ីននៅទន្លេមេគង្គ និងទន្លេសាប ៤គ្រឿង និងបានសម្លាប់មនុស្សចំនួន ៨នាក់ (ស្រ្តី៣ ក្មេង៥) និងជួយសង្រ្គោះ ៣៣នាក់។

ទន្ទឹមគ្នានឹងការគំរាមកំហែង និងការបំផ្លិចបំផ្លាញដែលបណ្តាលឱ្យការខូចខាតបាត់បង់ដោយសារឥទ្ធិពលនៃគ្រោះមហន្តរាយ និងឧបទ្ទវហេតុ ដូចបានរៀបរាប់ខាងលើ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ បានដាក់ចេញនូវយុទ្ធសាស្រ្ត និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ហើយបានកំពុងតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ននៅប្រទេសកម្ពុជា៕