(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងនឹងបន្តបង្កើនសកម្មភាពរក្សាការពារសត្វផ្សោត ដើម្បីធ្វើយ៉ាងណាឲ្យសត្វផ្សោតមានចំនួនកើនឡើងដែលលោករំពឹងថា ១០ឆ្នាំទៀត ចំនួនសត្វផ្សោតនៅកម្ពុជា នឹងកើនឡើងប្រមាណ ៣០ភាគរយបន្ថែមពីលើចំនួនបច្ចុប្បន្ន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីសម្ពោធពិព័រណ៍រូបថតអំពី «សត្វផ្សោតទន្លេមេគង្គកម្ពុជា» នាល្ងាចថ្ងៃទី១៨ តុលា ឆ្នាំ២០២៣ លោក ឌិត ទីណា បានកត់សម្គាល់ថា លទ្ធផលនៃអភិរក្សការពារសត្វផ្សោតនៅ ឆ្នាំ២០២៣មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយចំនួនសត្វផ្សោតកើតថ្មីមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ខណៈចំនួនសត្វផ្សោតស្លាប់មានតិចតួច។

លោកសង្ឃឹមថាកិច្ចការអភិរក្ស និងការពារសត្វផ្សោត នឹងបន្តមានលទ្ធផលល្អថែមទៀតនៅឆ្នាំក្រោយ ព្រមទាំងកើនចំនួនសត្វផ្សោតបន្ថែមទៀត ដើម្បីជាសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ។

បើតាមលោក ឌិត ទីណា បច្ចុប្បន្ននេះ សត្វផ្សោតនៅទន្លេមេគង្គមានចំនួន៩០ក្បាល ដោយឆ្នាំនេះសត្វផ្សោតកើតថ្មីមានចំនួន៧ក្បាល។ ចំណែកសត្វផ្សោតដែលបានស្លាប់មានចំនួន៤ក្បាល ក្នុងនោះស្លាប់ដោយសារមានវ័យចាស់ជរាមួយក្បាល និងស្លាប់ដោយសារជាប់មង៣ក្បាល។

លោកមានប្រសាសនបន្តថា «បើយើងមានកំណើន៣នៅលើចំនួនសត្វផ្សោតប្រមាណ ៩០នេះយើងគិតថា ១០ឆ្នាំទៅមុខទៀតយ៉ាងហោចណាស់ក៏យើងកើនបាន ៣០%ដែរ។ យើងនឹងព្យាយាមបន្តទៀត។ នៅឆ្នាំនេះក៏មិនទាន់ចប់ផងដែរ ក៏អាចមានផ្សោតកើតទៀត ហើយយើងព្យាយាមធ្វើយ៉ាងណាកុំឱ្យមានអត្រាស្លាប់នេះខ្ពស់»

បន្ថែមពីនេះ លោក ឌិត ទីណា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរជុំវិញទន្លេ មិនត្រូវនេសាទខុសច្បាប់ តាមរយៈការប្រើសន្ទូចរនង ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតផ្សោត ពីព្រោះសត្វផ្សោត នាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាដើម។ សត្វផ្សោត សព្វថ្ងៃនេះ ត្រូវការ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមចំណែកការពារ និងអភិរក្សសត្វផ្សោត ឱ្យបានគង់វង្ស និងធ្វើយ៉ាងណាជំរុញឱ្យមានចំនួនកើនឡើង ដើម្បីទុកជារតនសម្បត្តិធម្មជាតិ។

លោកបានលើកទឹកចិត្តសាធារណជនចូលរួមទប់ស្កាត់ និងរាយការណ៍ព័ត៌មាន នៅពេលបានជួប និងឃើញបទល្មើសនេសាទខុសច្បាប់កើតឡើងមានឡើងនៅតំបន់អភិរក្សសត្វផ្សោត ខណៈបញ្ហាសត្វផ្សោត កាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាទុកជារតនសម្បត្តិធម្មជាតិ ដល់កូនចៅគ្រប់ជំនាន់ឱ្យបានស្គាល់។

លោក សេង ទៀក នាយកអង្គការ WWF បានឡើងលើកឡើងថា ដោយមើលឃើញអំពីសារៈសំខាន់របស់សត្វផ្សោតទន្លេមេគង្គ និងដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលជលផល ទើបធ្វើឲ្យមានការរៀបចំពិព័រណ៍រូបថតអំពីសត្វផ្សោតទន្លេមេគង្គនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹង និងបង្កើនការយល់ដឹងអំពីសត្វផ្សោតទន្លេមេគង្គ ដែលប្រភេទសត្វជិតផុតពូជ ដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណៈជនទូទៅ៕