(រតនគិរី)៖ ក្រោយពីបានស្ដាប់របាយការណ៍របស់អភិបាលខេត្តទាំង៤របស់កម្ពុជាក្នុងតំបន់ត្រីកោណ គណៈប្រតិភូបានចុះទៅពិនិត្យមើលស្ថានីយ៍ផលិតទឹកស្អាតនៅខេត្តស្ទឹងត្រែង ដែលបានចំណាយទុនវិនិយោគ១៣លានដុល្លារសហរដ្ឋអាមេរិក ជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទំបន់វារីអគ្គិសនីសេសាន២​ ដែលបានចំណាយទុនវិនិយោគចិន​ ៨០០លានដុល្លារសហរដ្ឋអាមេរិក​ ក្នុងទម្រង់BOT និងផលិតអគ្គិសនីបាន៤០០មេហ្កាវ៉ាត់​ ដើម្បីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ និងបញ្ជូនមួយភាគតូចទៅខេត្តរតនគីរី។

នៅសណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាម​ មានខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជា​ ដឹកនាំដោយ​ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានោះ លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់ដែលគួរពិចារណាលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍តំបន់ត្រីកោណលើយន្តការនៃការទូទាត់ប្រាក់ ដើម្បីជួយសម្រួលពាណិជ្ជកម្មឆ្លងដែនក្នុងតំបន់ត្រីកោណ​ លើកទឹកចិត្តបង្កើតផ្សារនៅតាមព្រំដែនដើម្បីជម្រុញពាណិជ្ជកម្ម ដោយមិនភ្លេចទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនឱ្យបានដាច់ខាត។ ដោយឡែក ចំពោះគម្រោងវិនិយោគចំនួន២៧គម្រោងរបស់វៀតណាម​ នៅខេត្តក្នុងតំបន់ត្រីកោណ សព្វថ្ងៃនេះ ដំណើរការបានតែ១០គម្រោងប៉ុណ្ណោះ និងគម្រោងវិនិយោគវារីអគ្គីសនីសេសាន២ ក្នុងទំហំទឹកប្រាក់៨០០លានដុល្លារសហរដ្ឋអាមេរិក និងគម្រោងទឹកស្អាតដែលជាជំនួយឥតសំណងរបស់ធនាគារADB។

ថ្លែងក្នុងជំនួបពិភាក្សានោះដែរ​ លោក វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម​ បានឯកភាពនឹងការលើកឡើងរបស់ ឯកឧត្ដម សួស យ៉ារ៉ា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអភិវឌ្ឍមណ្ឌលសុខភាពក្នុងតំបន់ត្រីកោណ​ ព្រមទាំងជួយជម្រុញឱ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង និងស្របគ្នាក្នុងប្រទេសទាំងបី។

ចំណែកឯ លោក Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម លោកសង្កេតឃើញរោងចក្រកែច្នៃផ្លែឈើដ៏ល្អ ស្តង់ដារអន្តរជាតិ នេះជាគំរូមួយសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ចំពោះការវិនិយោគពីភាគីវៀតណាម លោកយល់ឃើញថា ភាគីកម្ពុជាក៏ដូចជាភាគីឡាវតែងតែបើចំហ និងជួយសម្រួល​ ហើយឯកឧត្ដមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើវិស័យកសិកម្មនៅក្នុងតំបន់ត្រីកោណ ៕