(ភ្នំពេញ)៖ ករណីមន្រ្តីកិច្ចសន្យាបម្រើការងារ នៅមន្ទីរសុខាភិបាល ខេត្តស្វាយរៀងជាង ១០០នាក់ ដែលគ្រោងស្នើសុំអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បញ្ចូលពួកគេទៅក្នុង មន្ត្រីក្របខណ្ឌពេញសិទ្ធិ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បញ្ជាក់ថា លោកបានបង្កើតគណៈកម្មការ អន្តរក្រសួងដោះស្រាយរួចហើយ ចំណែកលទ្ធផលនឹងដឹង នៅពេលឆាប់ៗនេះ។ អន្តរក្រសួងដែលចូលរួមពិនិត្យនោះមាន ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានប្រាប់អង្គភាព Fresh News នៅវេលាថ្ងៃត្រង់ទី១៥ ខែសីហា ឆ្នាំ២០១៦នេះថា «រឿងនេះខាងក្រសួងសុខាភិបាល បានបង្កើតគណៈកម្មាការចំរុះជាមួយ ក្រសួងមុខងារសាធារណៈ ដើម្បីដោះស្រាយ តែរហូតមកដល់ពេលនេះនៅ មិនទាន់បានទទួលលទ្ធផលនៅឡើយទេ គឺកំពុងដំណើរការដោះស្រាយ លទ្ធផលនឹងដឹងនៅពេលឆាប់ៗនេះ»។
សូមបញ្ជាក់ថា ក្រុមមន្រ្តីកិច្ចសន្យាជំនាញ សុខាភិបាល មានគ្នាជាង១០០នាក់ ដែលកំពុងបម្រើការងារ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យនានា ក្នុងខេត្តស្វាយរៀង គ្រោងនឹងជួបជុំគ្នាស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍បញ្ចូលពួកគាត់ទៅក្នុងក្របខណ្ឌពេញសិទ្ធិ និងដើម្បីលើកពីបញ្ហាពាក់ព័ន្ធ នឹងប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែរ រដ្ឋា ដែលបានទារលុយពីពួកគាត់ ជាថ្នូរបានចូលជាមន្រ្តីក្របខណ្ឌពេញសិទ្ធិ។
ការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលខាងលើនេះ ក្រោយពីពួកគេបានដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងចុះទៅសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង នាពេលឆាប់ៗនេះ។
លោក ម៉ៅ ស៊ីថា មន្រ្តីកិច្ចសន្យារបស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អង្គភាព Fresh News ថា កន្លងមកមន្រ្តីកិច្ចសន្យាជាច្រើននាក់ បាននាំគ្នាដាក់ពាក្យប្ដឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU), ប្ដឹងទៅក្រសួងសុខាភិបាល និងទៅខុទ្ទកាល័យសម្ដេចតេជោ ជាច្រើនលើកហើយ ដើម្បីប្ដឹងលោក កែរ រដ្ឋា ពាក់ព័ន្ធរឿងទារលុយសំណូកពី មន្រ្តីកិច្ចសន្យាជំនាញ សុខាភិបាល ជាថ្នូរបញ្ជូលទៅក្នុងក្របខណ្ឌក្រសួងសុខាភិបាលពេញសិទ្ធិ។ លោក ម៉ៅ ស៊ីថា បានបន្តថា លោកក៏ធ្លាប់បានទៅឆ្លើយបំភ្លឺនៅ ACU ម្ដងរួចមកហើយ ប៉ុន្តែរហូតដល់រយៈពេលជាង១ខែមកហើយ មិនទាន់មានចំណាត់ការលើ លោក កែរ រដ្ឋា នៅឡើយ។
លោក ម៉ៅ ស៊ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នឹងមកទស្សនកិច្ចនៅខេត្តស្វាយរៀង មន្រ្តីកិច្ចសន្យាទាំងអស់ ដែលមានសញ្ញាបត្រពេទ្យ នឹងនាំគ្នាតវ៉ាសុំជួប សម្ដេចតេជោ ហើយពួកយើង នឹងស្នើសុំឱ្យសម្ដេច បញ្ជូលពួកយើងទៅក្នុងក្របខណ្ឌ ក្រសួងសុខាភិបាល ជាពិសេសពួកយើងនឹងស្នើសុំសម្ដេចឱ្យដក លោក កែរ រដ្ឋា ដែលជាមន្រ្តីពុករលួយ ចេញពីប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង»។
ជាមួយគ្នានេះ លោក ស សុខហ៊ន មន្រ្តីកិច្ចសន្យាម្នាក់ដែរ បានឱ្យដឹងដែរថា លោកបានដាក់ពាក្យប្ដឹង លោក កែរ រដ្ឋា ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ហើយត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយសាកសួរ ចំនួន៣ដង រួចមកហើយ។ លោក ស សុខហ៊ន បានបន្តថា ក្នុងករណីនេះ លោក កែរ រដ្ឋា បានកែកាលបរិច្ឆេទ ក្នុងលិខិតបង្គាប់ការចូលបម្រើការងាររបស់បុគ្គលិកទាំង៤៨រូប ឯពួកគាត់ទាំងអស់គ្នា ត្រូវលោក កែរ រដ្ឋា បរាមុខស្ដីឱ្យថា «គ្មានសញ្ញាបត្រ, សញ្ញាបត្រក្លែងក្លាយ ជាកម្មករបោសសម្អាត» ប៉ុន្តែលោក កែរ រដ្ឋា បែរជាយកអ្នកគ្មានសញ្ញាបត្រ ចំនួន៤នាក់ ដាក់ចូលក្របខណ្ឌទៅវិញ។
មន្រ្តីជាប់កិច្ចសន្យារូបនេះ មានការឈឺចាប់យ៉ាងខ្លាំង ដោយអះអាងថា «ពួកខ្ញុំនឹងតវ៉ាឱ្យសម្ដេច ហ៊ុន សែន ជួយរកយុត្តិធម៌ដល់ពួកខ្ញុំ និងសុំឱ្យសម្ដេចដកលោក កែរ រដ្ឋា ចេញពីប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ដូចដែលសម្ដេចបាន ដកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ»។
បើតាមមន្រ្តីដដែលនេះ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់វិទ្យុក្នុងស្រុកថា ពាក់ព័ន្ធទៅនឹងសំណុំរឿង ពុករលួយរបស់ កែរ រដ្ឋា បានឱ្យដឹងថា «ACU កំពុងធ្វើការស៊ើបអង្កេតលើសំណុំរឿងនេះ ហើយលោក កែរ រដ្ឋា ក៏បានឡើងមកធ្វើការឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះ កាលពីសប្ដាហ៍មុនហើយដែរ។ កាលនោះ លោក ឱម យ៉ិនទៀង ក៏បង្ហើបថា ACU ចាប់បានភស្តុតាងបន្ថែម គឺលោកប្រធានមន្ទីរសុខាភិបាលស្វាយរៀង ចង់ធ្វើបាបអ្នកប្ដឹងរូបលោកពី បទពុករលួយថែមទៀតផង។
ពាក់ព័ន្ធនឹងគម្រោងតវ៉ារបស់មន្រ្តីកិច្ចសន្យាមន្ទីរសុខាភិបាលខេត្តស្វាយរៀងនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានថ្លែងឱ្យដឹងថា លោកមិនបានដឹង ពីគម្រោងការតវ៉ានេះទេ ក៏ប៉ុន្តែកន្លងមក ខេត្តបានធ្វើការណែនាំ២ដង រួចមកហើយ ឱ្យមន្ទីរសុខាភិបាលបញ្ជូនឈ្មោះ មន្រ្តីកិច្ចសន្យាដែលមានសញ្ញាបត្រពេទ្យ ទៅក្នុងក្របខ័ណ្ឌរដ្ឋដែរ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា «ប្រសិនបើលោកប្រធានមន្ទីរសុខាភិបាល ធ្វើអ្វីដែលផ្ទុយនឹងច្បាប់ ឬប្រព្រឹត្តអំពើពុករលួយជាដើម នោះលោកត្រូវតែទទួលខុសត្រូវ នៅចំពោះមុខច្បាប់»៕