Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ​អោងសាន ​ស៊ូជី ​នឹង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ចិន ​ក្នុង​នាម​មន្ត្រី​កំពូល​ភូមា​ជា​លើក​ដំបូង

15-08-2016 12:12

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេស និងជាប្រធានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិនចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា បន្ទាប់ពីទទួលបានការអញ្ជើញ ជាផ្លូវការពីនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។

លោកស្រី ស៊ូជី នឹងក្លាយជាមន្ត្រីកំពូលដំបូងហើយ តំណាងឲ្យសហភាពមីយ៉ាន់ម៉ា ក្នុងការបំពេញទស្សនកិច្ចនៅ ប្រទេសចិនដែលស្ថិតនៅជិតខាងខ្លួន ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីលោក យូ ហាទីន ក្យរ បានឡើង កាន់អំណាចកាលពីចុងខែមីនា កន្លងទៅនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang បានថ្លែងនៅថ្ងៃចន្ទនេះថា «វាជាការធ្វើឲ្យទំនាក់ទំនងដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឈានទៅរកកម្រិតថ្មីមួយទៀត»។

គួររំលឹកថា ប្រទេសចិនក្រោយពីការឡើងកាន់តំណែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មី បានអះអាងថានឹងធ្វើឲ្យទំនាក់ទំនង ទាំងផ្នែកយុទ្ធសាស្ត្រ និងការអនុវត្តរវាងគ្នានឹងគ្នា កាន់តែប្រសើរឡើងដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ ប្រទេស។ ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ នឹងធ្វើឲ្យមានការអភិវឌ្ឍក្នុងកម្រិតថ្មីមួយរវាងទំនាក់ទំនង លើគ្រប់វិស័យនៃប្រទេសទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរផងដែរ៕