(កណ្ដាល)៖ យុវជនវ័យក្មេងពីរនាក់ ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា នេះ ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ ។
ជនសង្ស័យទាំងពីរនាក់ សារភាពនៅដំណាក់កាលសមត្ថកិច្ចថា ពួកគេបានចូលលុយគ្នាទិញថ្នាំញៀនមកពីចំណុចបឹងត្របែក រាជធានីភ្នំពេញ ចំនួន២៤កញ្ចប់តូច ក្នុងតម្លៃ៣០ម៉ឺនរៀល ដើម្បីយកទៅជួញដូរនៅឃុំព្រែកអំបិល តែត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្ដង ។
ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន២៤កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ស្រុកស្អាង ឃាត់ខ្លួនកាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យទី១. ឈ្មោះ ឈុន មុន្នី អាយុ២៤ឆ្នាំ និង ទី២. ឈ្មោះ សេង គីមសុង អាយុ១៩ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២៤កញ្ចប់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកNex ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1I-8195 ៕