(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារប្រសិទ្ធពរជ័យ ជូនពរសម្តេចក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ។

សារលិខិតរបស់សម្តេចធិបតីមានខ្លឹមសារដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវព្រះរាជសារពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវប្រសិទ្ធពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសនៃខួបចម្រើនជន្មាយុរបស់ទូលព្រះបង្គំជាខ្ញុំ។

ជាមួយនឹងព្រះរាជហឫទ័យយកទុកចិត្តដាក់ដ៏កក់ក្តៅ និងប្រកបដោយសេចក្តីសន្តោសប្រោសប្រណី ពីសំណាក់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទាន ដល់ទូលព្រះបង្គំជាខ្ញុំ នាឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំង ក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈចំពោះព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តម និងព្រះរាជគុណដ៏មហាធំធេង មិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។

ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរ ជ័យបវរសួស្ដី មហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បី គង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំជាខ្ញុំ»៕