(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចំពោះព្រះរាជសារប្រសិទ្ធពរជ័យ ជូនពរសម្តេចក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ។

សារលិខិតរបស់សម្តេចធិបតីមានខ្លឹមសារដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវព្រះរាជសារពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវប្រសិទ្ធពរជ័យដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសនៃខួបចម្រើនជន្មាយុរបស់ទូលព្រះបង្គំជាខ្ញុំ។

ជាមួយនឹងព្រះរាជហឫទ័យយកទុកចិត្តដាក់ដ៏កក់ក្តៅ និងប្រកបដោយសេចក្តីសន្តោសប្រោសប្រណី ពីសំណាក់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់ បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំ នាឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទី គោរពសក្ការៈចំពោះព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម និងព្រះរាជគុណដ៏មហាធំធេង មិនអាចរកវត្ថុអ្វីមកប្រៀប ផ្ទឹមបានឡើយ។

ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរ ជ័យបវរសួស្ដីមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជំន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខ ដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវ អភិវន្ទនកិច្ច និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំជាខ្ញុំ»៕