(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារប្រសិទ្ធពរជ័យ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ។

ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារដូច្នេះថា «សម្ដេចមហាបវរធិបតី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមសម្ដែងនូវការកោត សរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ របស់សម្តេចមហាបវរធិបតី ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ម៉ឹងម៉ាត់ និងឈ្លាសវៃ ក្នុងការប្រតិបត្តិតាមគន្លងមាគ៌ាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិមានភាពរីកចម្រើន ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហា ជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕