(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្រុមការងារ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ចុះចែកជូនប្រជាពលរដ្ឋ​ ២៦៣គ្រួសារ ដែលជួបការលំបាកដោយសារទឹកជំនន់ជន់លិចផ្ទៈសំបែង។

ក្នុងឱកាសដែលលោក អ៊ុំ រាត្រី បានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៣នេះ ក្នុងចំណោម៩ស្រុក/ក្រុងមាន២ស្រុក/ក្រុង បានរងផលប៉ៈពាល់ដោយទឹកជំនន់បានជន់លិចផ្ទៈសំបែងប្រជាពលរដ្ឋមានចំនួន ៤,៦២៨គ្រួសារ ហើយបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន១៣៩គ្រួសារ ក្នុងអំឡុងទឹកជំនន់មានអ្នករងគ្រោះស្លាប់ដោយលង់ទឹកចំនួន៣នាក់។

លោកបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមកម្ពុជាដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងអំឡុងទឹកជំនន់បានជនលិចផ្ទៈសំបែងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយចែកជូនចំនួន២ស្រុក/ក្រុងមាន៖ ស្រុកមង្គលបូរីចំនួន ១០១គ្រួសារ , ក្រុងសិរីសោភ័ណចំនួន ១៦២គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ក១៥គីឡូក្រាម មី១កេស ត្រីខ១ដុំ ទឹកស៊ីអ៊ីវនិងទឹកត្រី៦ដប។

លោក អ៊ុំ រាត្រី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅការពារកុំឱ្យទៅលេងទឹក ឬធ្វេសប្រហែសអាចគ្រោះថ្នាក់គ្រប់ពេល ហើយពេលចូលដេកត្រូវមើលការពារសត្វសេពឹសនិងដាំទឹកផឹកការពាររាគរុះកើតឡើង៕