(រតនគិរី)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ នៅសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីចុះពិនិត្យព្រំដែន និងកងទ័ពនៅតំបន់កន្ទុយនាគហើយនោះ ក៏បានចូលជួបពិភាក្សាការងារព្រំដែនមួយចំនួនជា មួយកងទ័ពវៀតណាម នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកន្ទុំ ដើម្បីស្វែងយល់ពីគ្នាលើបញ្ហាព្រំដែនរវាងខេត្តរតនគិរី របស់កម្ពុជា និងខេត្តកន្ទុំ របស់វៀតណាម និងដើម្បីរឹតចំណងសាមគ្គី កិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។
ក្នុងកិច្ចពិភាក្សានោះភាគីទាំងពីរ បានឯកភាពសហការជួយទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសតាមតំបន់ព្រំដែន ជាពិសេសការរត់ពន្ធគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់។ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាបង្កើនកិច្ចសហការក្នុងត្រួតពិនិត្យ និងល្បាតរួមគ្នា ជាពិសេសជួយត្រួតពិនិត្យការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។
កងទ័ពកម្ពុជា និងវៀតណាមនៅតំបន់ព្រំដែនក្នុងខេត្តរតនគិរី និងខេត្តកន្ទុំ ក៏បានព្រមព្រៀងរួមគ្នាចុះអប់រំ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត អំពីបញ្ហា និងច្បាប់ព្រំដែនទៅដល់ប្រជាពលរដ្ឋតាមព្រំដែនប្រទេសទាំងពីរ។ ឆ្លងតាមកិច្ចពិភាក្សានោះ ភាគីទាំងពីរបានព្រមព្រៀងសហការគ្នា ក្តាប់សភាពការណ៍តាមបណ្តោយព្រំដែន និងរាយការជូនគ្នាទៅវិញទៅមកជាប្រចាំ។ ពួកគេ ក៏ព្រមព្រៀងសហការផ្លាស់ប្តូរសភាពការណ៍នានា បើមានស្ថានភាពមិនប្រក្រតីអ្វីមួយកើតឡើង ត្រូវប្រញាប់រាយការណ៍ជូនថ្នាក់លើរៀងៗខ្លួន ដើម្បីមានវិធានការដោះស្រាយជាបន្ទាន់៕