(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្តីទី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដការលើកទឹកចិត្ត និងផ្ដល់ឱកាសឲ្យជនមានពិការភាពបានចូលរួមបំពេញការងារទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។

លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ជាមួយគ្នានេះ ត្រូវបន្តចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីជនពិការ ស្តង់ដារជាតិសកម្មភាពមីន ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត និងសូមចូលរួមធ្វើការផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្នុងឱកាសនោះ លោក នេត សាវឿន បានលើកឡើងថា ស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន ដែលបង្កឡើងដោយជម្លោះក្នុងតំបន់ និងផ្ទៃក្នុង រយៈពេលជាង៣ទសវត្សរ៍ ចាប់តាំងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៩៨ បានបន្សល់ទុកនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងធ្ងន់ធ្ងរ និងស្មុគស្មាញយ៉ាងខ្លាំង ដែលក្នុងនោះ គិតពីឆ្នាំ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជាមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៦៥,០៣១នាក់ ក្នុងចំណោមជនរងគ្រោះ ទាំងនោះមានស្លាប់ចំនួន១៩,៨២២នាក់ របួសចំនួន៣៦,១២៣នាក់ និងពិការអវយវៈចំនួន៩,០៨៦នាក់។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០១៨-២០២៣ ដោយបានគិតគូរយ៉ាងល្អិតល្អន់អំពីការដោះស្រាយជីវភាព សេដ្ឋកិច្ច ការងារ និងមុខរបរជូនជនមានពិការភាព។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និង បែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣,៧៤៨ នាក់ (ស្រី២៣%) បម្រើការងារក្នុង៣៧ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន ៥,៨៣៩នាក់ (ស្រី ៦៦%) បំរើការងារក្នុង ២៩១ គ្រឹះស្ថានឯកជន។

លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និង សកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។

បើតាមនាយករដ្ឋមន្ដ្រីស្តីទី នេត សាវឿន, ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជា និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ទទួលអត្តពលិកពិការសរុបចំនួន ១៤៥៣នាក់ មកពី១១ប្រទេស ប្រកួតលើ១៤ប្រភេទកីឡា ក្នុងនោះ ប្រទេសកម្ពុជា មានអត្តពលិកពិការចំនួន២៥២នាក់ចូលរួមប្រកួត ដោយទទួលបាន មេដាយសរុប៧១គ្រឿង មាស៩គ្រឿង ប្រាក់១៨គ្រឿង និងសំរិត៤៤គ្រឿង។ នេះបានសបញ្ជាក់ឲ្យឃើញច្បាស់ថា កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើងដោយមានការចូលរួមពីជនពិការផងដែរ៕