(ត្បូងឃ្មុំ)៖ បន្ទាប់ពីខេត្តត្បូងឃ្មុំ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធពិធីបុណ្យអុំទូក នៅទីរួមខេត្ត កាលពីពេលកន្លងទៅថ្មីៗនេះ ទទួលបានភ្ញៀវទេសចរណ៍លើសគេ ឈរលើលេខរៀងទី១ ក្នុងចំណោម២៥រាជធានីខេត្ត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងមន្ត្រីរាជការ យុវជនស.ស.យ.ក អាជីវករ និងពលរដ្ឋ ចុះសម្អាតបរិស្ថានជុំវិញបុរីរដ្ឋបាលសាលាខេត្ត ជាសារដាស់តឿន បញ្ជ្រាបទៅកាន់ពលរដ្ឋ។

ក្នុងសកម្មភាពនោះ ធ្វើឡើងជាពិសេសដើម្បីអបអរទិវាពិភពលោកWorld Cleanup Day និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) នៅបរិវេណអាងទឹកសោភ័ណត្បូងឃ្មុំ ក្នុងបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងក្រោមកិច្ចសហការដោយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត។

មានប្រសាសន៍នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា អនាម័យផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា ដោយផ្តើមចេញពីការចេះស្រលាញ់ភាពស្អាត មានអនាម័យ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពដោយមិនបោះចោលពាសវាសពាសកាល នោះសុខភាពយើងនឹងល្អទាំងអស់គ្នា ជាពិសេសពលរដ្ឋដែលមកលេងកំសាន្ត នៅបុរីរដ្ឋបាលខេត្ត។

បន្ថែមពីនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនលើការងារអនាម័យនេះ ដើម្បីសោភ័ណភាព និងសុខភាព ពិសេសត្រូវបន្តថែរក្សាអនាម័យ ដើម្បីបន្តរួមគ្នាការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

បើតាមការបញ្ជាក់ ពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងដែរថា ពិធីនេះធ្វើឡើងក្នុងគោលបំណង ចូលរួមសម្អាតបរិស្ថាន និងធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឲ្យបានជ្រាបអំពីការទុកដាក់សំរាម ដោយមានការទទួលខុសត្រូវ និងលើកកម្ពស់អនាម័យបរិស្ថានស្អាតល្អស្រស់បំព្រង សោភ័ណភាពល្អគួរឲ្យទាក់ទាញ។សូមជម្រាបថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ តែងតែដឹកនាំមន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋ ធ្វើការដាំកូនឈើ ពិសេសចុះសម្អាតរក្សាអនាម័យស្ទើរគ្រប់ទីកន្លែងនានាក្នុងខេត្ត មិនថានៅក្នុងបរិវេណសាលារៀន វត្តអារាម ទីសាធារណៈនោះឡើយ ពិសេសក្នុងបុរីរដ្ឋបាលខេត្ត ជាការពញ្ញាក់ស្មារតី ដើម្បីធ្វើយ៉ាងឲ្យបរិស្ថានក្នុងខេត្តទាំងមូល មានភាពស្រស់បំព្រង អនាម័យល្អ មានផាសុខភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅទីនេះ៕