(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយផែនការការងារឆ្ពោះទៅមុខ ជូនដល់ថ្នាក់ដឹកនាំកម្រិតបច្ចេកទេស និងមន្ត្រីជំនាញនៃក្រសួង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។

កិច្ចប្រជុំផ្ទៃក្នុងនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយផែនការការងារ ដែលបានរៀបចំសម្រាប់ការអនុវត្ត ហើយជាការតម្រង់ទិសការងារបន្ថែមទៀតដែលស្របជាមួយទស្សនវិស័យ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសលើការអនុវត្តក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត។

សូមជម្រាបជូនថា កិច្ចប្រជុំនារសៀលនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំកម្រិតនយោបាយ ថ្នាក់ដឹកនាំកម្រិតបច្ចេកទេស និងមន្ត្រីជំនាញ សរុបប្រមាណចំនួន ១១០នាក់៕