(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចេញសារថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះពុទ្ធជ័យ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក អគ្គលេខាធិការរង ថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះមេគណរាជធានីភ្នំពេញ ដែលបានចូលរួមវិភាគទានចំនួន១០,០០០ដុល្លារ (មួយម៉ឺនដុល្លាររអាមេរិក) ដើម្បីកសាងអគារសិក្សានិងសាលប្រជុំថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

អគារសិក្សា និងសាលប្រជុំថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះ មានបណ្តោយ ២៣.៥៥ ម៉ែត្រ ទទឹង ១៧.៥ ម៉ែត្រ កម្ពស់៤ ជាន់ សម្រាប់គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យបានបំពេញការងារ និងសមណនិស្សិត និស្សិតបានសិក្សារៀនសូត្រ សំដៅបន្តជួយការអភិវឌ្ឍធនធានមនុស្សជាឧត្តមប្រយោជន៍ដល់សង្គមជាតិឱ្យកាន់តែមានភាពរីកចម្រើនជានិរន្តរ៍។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្ដមសិក្សាពុទ្ធសាសនាដំបូង និងឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងទល់មុខព្រះបរមរាជវាំង និងសាលសន្និសីទចតុមុខ លេខ ៣៩៣ តិរវិថី ព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ព័ត៌មានលម្អិត៖
Facebook Page: Sīhanoukrāja Buddhist University
Link: https://www.facebook.com/SBU.officail
ព័ត៌មានសម្រាប់ទំនាក់ទំនងៈ ០១២ ៤៨ ៧៦ ៩៨ / ០៩២ ៩៤ ៧៧ ២២