(ភ្នំពេញ)៖ លោក បិុល កុសល អភិបាលខណ្ឌសែនសុខ និងក្រុមការងារ បានចូលរួមក្នុងពិធី បើកការដ្ឋានស្ថាបនា ផ្លូវបេតុង០១ខ្សែ នៅសង្កាត់ក្រាំងធ្នង់ នៅថ្ងៃទី១៥ សីហា២០១៦នេះស្ថិតនៅ ភូមិត្រពាំងជើងស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់នៅ ក្នុងខណ្ឌសែនសុខទាំងមូ និងក្នុងនាមលោកផ្ទាល់ សូមសម្ដែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រទេសដែលនាំឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពល​រដ្ឋក្នុងការផ្តល់ថវិកា​ដល់រដ្ឋថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតសំខាន់ទៅ លើគម្រោងជា អាទិភាពគឺការស្ថាបនា​ផ្លូវនិងការដាក់លូរំដោះទឹកដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត។

បន្ទាប់មកលោកអភិបាលខណ្ឌ បានសំណេសសំណាលជាមួយប្រជាពលរដ្ឋ បានអញ្ជើញបើកការដ្ឋានហើយបានចុះមកពិនិត្យកន្លែងស្ថាបនាផ្លូវ បេតុងតាមគម្រោងខាងលើនិង បានសុំទោស ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការប៉ះពាល់ខាងលើផង។

ជាមួយគ្នានេះផងដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសេចក្តីត្រេកអរដែលបានឃើញអាជ្ញាធរធ្វើផ្លូវបេតុងថ្មីជូនដល់ពួកគាត់ដើម្បីងាយស្រួលធ្វើដំណើរចេញចូលក្នុងភូមិ។

លោកសឿន សួរ ចៅសង្កាត់ក្រាំងធ្នង់បានឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាជាផ្លូវបេតុង០១ខ្សែ នេះជាគំរោងរបស់សាលាសង្កាត់ក្រាំងធ្នង់ដែលបានស្នើសុំចំណែកការចំណាយជាថវិកា របស់មូល និធិ់អភិវឌ្ឍន៍សាលាសង្កាត់ក្រាំងធ្នង់ក្នុងឆ្នាំ២០១៦ដែលចំណាយជាថវិការអស់ចំនួន៧៦២៥៣៧៦០រៀលស្ថាបនាដោយក្រុមហ៊ុន ផាត់ សុផល។

លោកចៅសង្កាត់បានប្រាប់ទៀតថាផ្លូវដែល ស្ថាបនា១ខ្សែនេះ មានប្រវែង៣៣២ម៉ែត្រ ទទឹង០៥ម៉ែត្រនិងកំរាស់១.៥សង់ទីម៉ែត្រ​(១តឹកកន្លះ )ចាក់បេតុងសុទ្ធមិនមានប្រើឆ្អឹងដែក៕